(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងរៀបចំកម្មវិធីការបោះឆ្នោតប្រចាំឆ្នាំ បូករួមទាំងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។ កម្មវិធិដ៏អស្ចារ្យប្រចាំឆ្នាំនឹងប្រព្រឹត្តទៅនាពេលខាងមុខរយៈពេល៣ថ្ងៃ ជាប់ពី ថ្ងៃទី១២ ដល់ ១៥ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យានបោះតង់ នៃឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ។

កម្មវិធីការបោះឆ្នោតប្រចាំឆ្នាំ មានគោលបំណង ដើម្បីបោះឆ្នោតផ្តល់សេចក្តីទំនុកចិត្តជ្រើសរើសក្រុមប្រឹក្សាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់តំបន់សម្រាប់អាណត្តិថ្មីនាឆ្នាំ២០២៥ ។

គួរបញ្ជាក់ផងដែរសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាសភាដែលមានរចនាសម្ព័ន្ធផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងតំបន់ បញ្ចេញសមត្ថភាពជាអ្នកដឹកនាំក្នុងមួយឆ្នាំ តាមរយៈការចូលរួមជាមួយគ្នាពិភាក្សាអំពីបញ្ហាដែលកើតមាននៅក្នុងសង្គម និងប្រជុំស្វែងរកដំណោះស្រាយឬវិធីសាស្ត្រសម្រួលដល់បញ្ហាទាំងឡាយដើម្បីកាត់បន្ថយបញ្ហាដែលមាននៅក្នុងសង្គមជាតិ។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមជាពិសេសពីគ្រប់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ថ្នាក់តំបន់ រួមទាំងសមាជិក សាមាជិកាទាំងអស់គ្នា។

ទន្ទឹមគ្នានេះដែរ កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំលើកទី៩ ក៏បានវិលត្រឡប់មកវិញដែរក្រោមប្រធានបទ «១ជំហាន កំណត់ត្រា១»។ កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំមានគោលបំណង បង្វឹកក៏ដូចជា ពង្រឹងសមត្ថភាពដឹកនាំនៃយុវជនជំនាន់ក្រោយ ដោយលើកយកកម្មវិធីបណ្តុះបណ្តាលជាច្រើន ជាគន្លឺះសំខាន់មកចែករំលែកជូនអ្នកចូលរួមទាំងអសស់គ្នា។

កម្មវិធីបណ្តុះបណ្តាលរួមមាន ដូចតទៅ៖ ការធ្វើការងារជាក្រុម, ការយល់ដឹងអំពីពិធីការ, ជំនាញនិយាយជាទីសាធារណៈ, ការគ្រប់គ្រងអារម្មណ៍ផ្លូវចិត្ត និងភាពជាអ្នកដឹកនាំ, ការគ្រប់គ្រងគម្រោង, ការប្រាស្រ័យទំនាក់ទំនង, ការរៀបចំផែនការយុទ្ធសាស្ត្រ ព្រមទាំងដំណើរសមាជិកនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។ ម្មវិធីបណ្តុះបណ្តាលទាំងនេះសុទ្ធតែជាមេរៀនដែលជួយពង្រឹងជំនាញទន់និងជំនាញរឹងរបស់អ្នកចូលរួមដើម្បីយកទៅអនុវត្តនៅក្នុងកន្លែងការងារ ក៏ដូចជាការចូលរួមចំណែកការងារសង្គម និងគ្រួសារផ្ទាល់។

កម្មវិធីបណ្តុះបណ្តាលនឹងមានវត្តមានគ្រូបង្វឹកជាច្រើនចូលរួមចែករំលែក តាមរយៈវិជ្ជាជីវៈរាងៗខ្លួន ដែលគ្រូបង្វឹកទាំងអស់គឺជាសមាជិកនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងជាអ្នកដឹកនាំដែលជាគម្រូដល់យុវជនជំនាន់ក្រោយទាំងអស់គួររៀនសូត្រតាម។

លើសពីនេះទៀត សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាលើកតម្កើនយ៉ាងខ្ពស់ ឲ្យសមាជិក សមាជិកា ព្រមទាំងសាធារណជនទាំងឡាយចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មី ព្រមទាំងកសាងអនុស្សាវរ័យ៍ល្អៗជាមួយអ្នកចូលរួមទាំងអស់គ្នា៕