(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូន លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន សាធារណរដ្ឋប្រជាមានិតចិន ដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ មរណភាពរបស់ ឯកឧត្តម Wu Bangguo អតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
តាមរយៈសារលិខិតនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកថា «មរណភាពរបស់ ឯកឧត្តម Wu Bangguo គឺជាការបាត់បង់ដ៏ធំធេង របស់សាធារណរដ្ឋប្រជាមានិតចិន»។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សម្តេចចងចាំជានិច្ច ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ លោក Wu Bangguo ក្នុងការពង្រឹង ទំនាក់ទំនងសភាទ្វេភាគី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសយើងទាំងពីរ។ លោកតែងតែ យកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងពីរ ដែលទាំងនេះជាទង្វើ ដ៏ប្រពៃស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាយើងជានិច្ច។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «ក្នុងវេលានៃការកាន់មរណទុក្ខនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមប្រធាន និងសូម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះ ក្រុមគ្រួសារនៃសព បក្ស រដ្ឋ និងប្រជាជនចិនទាំងអស់។ សូមវិញ្ញាណក្ខន្ធ របស់ ឯកឧត្តម Wu Bangguo បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕