(ភ្នំពេញ)៖ បន្ទាប់ពីចុះឈ្មោះបោះឆ្នោតរួចរាល់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអះអាងអំពីក្តីសង្ឃឹមរបស់ខ្លួនថា នយោបាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនយោបាយរបស់គណបក្សទាំងពីរ នឹងវិលទៅរកប្រក្រតីឡើងវិញ ដើម្បីឱ្យបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មានជាច្រើននាក់ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅវេលាម៉ោង ជិត១១៖០០ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ន លោក កឹម សុខា បានអះអាងម្តងទៀតថា លោកបានស្នាក់នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ រយៈពេលជាង៤ខែមកនេះ គឺដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយ ដែលមានលក្ខណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងការបោះឆ្នោត។
សូមបញ្ជាក់ថា លោក កឹម សុខា បានបញ្ចប់ការចុះឈ្មោះបោះឆ្នោតរួចហើយ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ដោយមានសកម្មជន និងតំណាងរាស្រ្តមួយចំនួនទៅជាមួយដែរ។ លោក កឹម សុខា បានសំងំនៅទីស្នាក់ការបក្ស អស់រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦មក បន្ទាប់ពីតុលាការមានចំណាត់ការ លើលោកជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្ម៕