(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ បានចាប់ផ្តើមហើយ។
បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានី-ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច នៃដំណើរការសំណេរ។
សម្រាប់ព្រឹកថ្ងៃទី២នេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ), គណិតវិទ្យា និងសីលធម៌ ពលរដ្ឋ (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។
ក្រសួងអប់រំអះអាងថា ដំណើរការសំណេរនៅថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។
បេក្ខជនអវត្តមានសរុប២៣១៨នាក់ (ស្រី៨៩៨នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន១៩១២នាក់។ ចំនួនអវត្តមានកើនលើសព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ចំនួន១៩៨នាក់។ បេក្ខជនមានបញ្ហាសុខភាព២៧នាក់ ក្នុងនោះមាន២នាក់ត្រូវបញ្ចប់ការប្រឡង។ អនុរក្ស អប្បមាទ និងជំនួយការ ចំនួន១០នាក់ មានបញ្ហាសុខភាព៕