(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ បានរាយការណ៍នៅព្រឹកថ្ងៃពុធ ទី០៥ ខែតុលានេះថា មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើងមួយរូបទទួលបន្ទុកបេសកកម្ម ប្រចំាទីក្រុងប៉េកំាង កំពុងស្វែងរកសិទ្ធិ ជ្រោកកោននៅកូរ៉េខាងត្បូង ហើយដែលព័ត៌មាននេះត្រូវបានគេទម្លាយឱ្យដឹង បន្ទាប់ពីប្រធានាធិបតី លោកស្រី ផាក គឺនហេ កាលថ្ងៃសៅរ៍សប្ដាហ៍មុន បានអំពាវនាវឱ្យក្រុមមន្រ្តីកូរ៉េខាងជើង មកចុះចូល ជាមួយនឹងកូរ៉េខាងត្បូង ដោយអះអាងថា ទីក្រុងសេអ៊ូលនឹងស្វាគមន៍ ក៏ដូចជាស្វែងរកក្ដីសង្ឃឹមថ្មី និង ជីវិតដ៏ប្រសើរសម្រាប់ពួកគេ។
ជាមួយគ្នានោះដែរ អាជ្ញាធរកូរ៉េខាងត្បូង មិនទាន់ទទួលស្គាល់ព័ត៌មាននេះទេ ក៏ប៉ុន្តែប្រភពមួយចំនួន បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មន្រ្តីកូរ៉េខាងជើងរូបនេះ គឺជាអ្នកទទួលបន្ទុកផ្គត់ផ្គង់ បរិក្ខាពេទ្យដល់ គ្លីនិចមួយ ដែលបម្រើសេវាកម្មសម្រាប់មេដឹកនំាកូរ៉េខាងជើង លោក គីម ជុនអ៊ុន និងគ្រួសារ។ ដោយឡែក បើតាមសារព័ត៌មាន The JoongAng Ilbo មន្ត្រីកូរ៉េខាងជើងដល់ទៅ ពីររូប ប្រចំាទីក្រុងប៉េកំាង កំពុងចង់ភៀសខ្លួនទៅកាន់ប្រទេសជប៉ុន តែខាងក្រសួងការបរទេសជប៉ុន អះអាងថា មិនមានពលរដ្ឋកូរ៉េខាងជើង ណាម្នាក់មកធ្វើទំនាក់ទំនងនៅស្ថានជប៉ុន ក្នុងទីក្រុងប៉េកំាង ដើម្បីស្នើសុំសិទ្ធិជ្រកកោននោះឡើយ។
គួររំលឹកថា កាលពីប៉ុន្មានខែមុននេះ អតីតអគ្គរដ្ឋទូតរងកូរ៉េខាងជើង ប្រចំាទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស លោក Thae Yong-ho រួមទំាងគ្រួសារ បានរត់គេចខ្លួនមកសុំសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូង ហើយត្រូវបានទីក្រុងសេអ៊ូល ទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ៕