(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ញើសាររំលែកទុក្ខជូនលោកជំទាវ កែវ ស្រីពេជ្រ ចំពោះមរណភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅវេលា ម៉ោង៦ល្ងាច ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើ ពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ ជាពិសេសឯកឧត្តមបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ លើឆាកអន្តរជាតិ តាមរយៈការសម្របសម្រួលបញ្ជូន កងកម្លាំងមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តា ប្រទេសមួយចំនួនលើពិភពលោក។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕