(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសម្រាប់ត្រៀមប្រារព្ធពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ តែងបង្កលក្ខណៈរីករាយជូនដល់ពលរដ្ឋក្នុងខេត្តបានសប្បាយរីករាយ និងតែងតែរៀបចំកម្មវិធីប្រណាំងទូកស្ទើររៀងរាល់ឆ្នាំ ដែលក្នុងនោះ មានទូកង និងទូកចែវ ដែលអញ្ជើញមកពីវត្តស្រុក ក្រុងនិងមានក្រុមកីឡាករចំណុះទូកជាច្រើនចូលរួមកុះករ។
លោកបន្តថា រដ្ឋបាលខេត្តមានការតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទចង់បង្ហាញពីសមទ្ធិផលមួយចំនួន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអណត្តិថ្មី ដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត។
លោកបានបន្តទៀតថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយរយៈពេល២ថ្ងៃ នៅវេទិកាអ៊ុំទូក មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។ ព្រមជាមួយការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងមានការប្រគុំតន្ត្រីថែមទៀតផង។
ជាមួយគ្នានោះ លោក នួន ផារ័ត្ន សូមអំពាវនាវដល់សម្តេច អ្នកឧកញ៉ា លោកឧកញ៉ា អភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអ៊ុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក ង ទូកខ្នាតអន្តរជាតិ ឲ្យទទួលលទ្ធផលល្អប្រសើរ។
គួរបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី១៦ និងទី១៧ ខែតុលា មានទូក ទូកផ្កាចារ១៤ទូក, ទូកខ្នាតអន្តជាតិ៤០ទូក និងទូកង៩ទូក៕