(រតនគិរី)៖ កម្លាំងនគរបាលស្រុកលំផាត់ បានស្ទាក់ចាប់រថយន្តដឹកឈើប្រណិត១គ្រឿង ជាប្រភេទឈើធ្នង់ និងឃាត់ខ្លួនមនុស្ស៣នាក់ ត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៦។
នគរបាលដែលចុះបង្ក្រាបនោះ បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ មានរថយន្តដឹកឈើប្រណិត១គ្រឿង ម៉ាក TAGOMA ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6975 ដឹកឈើប្រណិតប្រភេទធ្នង់ ចំនួន១២ដុំ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នគរបាលបានបន្តថា កម្លាំងលោកបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៣នាក់ រួមមាន ទី១.ឈ្មោះ អេម តុ អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង (ម្ចាស់រថយន្ត), ទី២.ឈ្មោះ លី ង៉ុក អាយុ៤០ឆ្នាំ មានទីលំនៅភូមល្វាក់ ឃុំរ៉យ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ម្ចាស់ឈើ), និងទី៣.ឈ្មោះ សាត ធារ៉ា អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ម្ចាស់ឈើដែរ)។
សូមបញ្ជាក់ថា វត្ថុតាង និងមនុស្ស៣នាក់ខាងលើ ត្រូវបាននគរបាលស្រុកលំផាត់ ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដើម្បីចាត់ការតាមនិតិវិធី៕