(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹង ពីនាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ប្តឹងពីករណីឆបោក បញ្ជាឱ្យចែកលុយ និងសម្ភារៈដល់គ្រួសារក្រីក្រ ចំនួន០៤គ្រួសារ ដោយអះអាងថា ជាលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី។

ប្រភពពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០ និង០០នាទី សមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តពោធិ៍សាត់ បានទទួលពាក្យបណ្ដឹង ពីឈ្មោះលោក វ៉ាន់ ហ៊ាង (ហៅតក) ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានតួនាទី ជានាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

ក្នុងពាក្យបណ្តឹងនោះ ឈ្មោះ វ៉ាន់ ហ៊ាង បានប្ដឹងទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់លេខទូរស័ព្ទ (០៨៥៩៣២៧៨១) ឆបោកឱ្យចែកលុយ និងសម្ភារៈមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០៤គ្រួសារ ដោយអះអាងថាខ្លួនជា ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ហើយបានបញ្ជាឱ្យយកអំណោយកាកបាទក្រហម ទៅចែកជូនប្រជាពលរដ្ឋ ចំនួន០៤គ្រួសារ ក្នុងភូមិលាវ សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយកំណត់ក្នុងមួយគ្រួសារ លុយចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មីចំនួន២កេះ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ពាក្យបណ្តឹងនោះ ក៏បានបញ្ជាក់អំពីអំណោយដែលត្រូវទៅចែកនោះ ត្រូវបានបុគ្គលដែលប្រើប្រាស់លេខទូរស័ព្ទ (០៨៥៩៣២៧៨១) បញ្ជាដោយមិនចាំបាច់ឆ្លងយោបល់អ្នកណា សូម្បីតែលោក ខូយ រីដា អភិបាលខេត្ត។ ជាមួយគ្នាបុគ្គលនោះ បានកំណត់យកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង០០នាទី ត្រូវប្រគល់ថវិកា និងសម្ភារៈទាំងអស់ ជូនគ្រួសារក្រីក្រឱ្យបាន ដោយត្រូវទាក់ទងឈ្មោះ ឈឿន ឈុនន្នី (ហៅញ័រ) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកចាំនាំទៅបង្ហាញផ្ទះ។

លោកស្នងការរងបានបន្ថែមថា ក្រោយចែកអំណោយរួចរាល់ និងបានរាយការណ៍ ជូននាយកខុទ្ទកាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីការចែកអំណោយខាងលើហើយនោះ ស្រាប់តែខាង នាយកខុទ្ធកាល័យសម្ដេច បានបញ្ជាក់មកវិញថា មិនមែនជាលេខរបស់ឯកឧត្តម សេង ទៀង នោះទេ ពោលគឺមានអ្នកក្លែងបន្លំហើយ។

ភ្លាមនោះ ស្រាប់តែលោក វ៉ាន់ ហ៊ាង មានការភ្ជាក់ផ្អើល ក៏បានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចជំនាញ ដើម្បីចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញា នាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឿន ឈុនន្នី (ហៅញ័រ) ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអិលធីអាយ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មកសាកសួរយកចម្លើយ។

ក្រោយសារសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា មិនត្រឹមតែក្លែងបន្លំជា ឯកឧត្តម សេង ទៀង ប៉ុណ្ណោះទេ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ឈឿន ឈុនន្នី (ហៅញ័រ) បានប្រើប្រាស់លេខទូរសព្ទ (០៩៧៦០៩១២៤៩) តេទៅលេខ (០៩៧៦៧៨៨៨៨៦) ជាលេខរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយក្លែងបន្លំខ្លួនថាជាជំនួយការ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី ហើយសុំឱ្យជួយកុមារកំព្រាម្នាក់ រស់នៅភូមិស្វាយមាស សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពេលនោះលោកស្នងការ ក៏បានយល់ព្រមជួយឧបត្ថម្ភកុមារកំព្រានោះផងដែរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកឈ្មោះ ឯកឧត្តម សេង ទៀង មកប្រើប្រាស់ ដើម្បីកុហកលោក នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បូករួមទាំងលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ឃ័យ ត្រូវបានឃាត់ខ្លួន ដើម្បីបន្តនីតិវិធី៕