Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្យល់ព្យុះហ៊ឺរីគែន Matthew កំពុងវាយលុកប្រទេសគុយបា និង តំបន់ឈូងសមុទ្រម៉ិចស៊ិក

05-10-2016 10:16

(គុយបា)៖ ខ្យល់ព្យុះហ៊ឺរីគែន Matthew បានធ្វើដំណើរទៅដល់ប្រទេសគុយបាហើយ នៅថ្ងៃនេះ បន្ទាប់ពីបានវាយប្រហារទៅលើប្រទេស ហៃទី និងសារធារណរដ្ឋ ដូមីនីក ជាទីដែលព្យុះដ៏កំណាច មួយនេះផ្ដាច់យកជីវិតមនុស្សជាច្រើននាក់ និង បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

ខ្យល់ព្យុះហ៊ឺរីគែន Matthew ដែលបានបំលែងទៅជាព្យុះ០៤ប្រភេទផ្សេងៗគ្នា និង បក់បោកក្នុងល្បឿន ខ្យល់ដល់ទៅ ២២០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារមកលើបណ្ដាប្រទេស ក្នុងតំបន់ការីបៀន ដោយបានបង្កជាគ្រោះទឹកជំនន់ និង គ្រោះរអិលបាក់ដីដ៏អាក្រក់មិនធា្លប់មាន ក្នុងរយៈពេលមួយ ទសវត្សរ៍មកនេះ ព្រមទំាងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ០៧នាក់ ក្នុងនោះ០៣នាក់ នៅប្រទេសហៃទី និង ៤នាក់ផ្សេងទៀត នៅសាធារណរដ្ឋដូមីនីក ខណៈមនុស្សរាប់ពាន់នាក់ត្រូវបាន ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

គួរបញ្ជាក់ថា ខ្យល់ព្យុះ Matthew ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅដល់ ទឹកដីសហរដ្ឋអាមេរិក យ៉ាងយូរនៅក្នុងសប្ដាហ៍នេះ ហើយ អាជ្ញាធរអាមេរិកក៏បានត្រៀមខ្លួនផងដែរ ដើម្បីជម្លៀសប្រជាជន នៅតាមតំបន់ឆ្នេរ តួយ៉ាងអាជ្ញាធរក្នុងរដ្ឋ South Carolina បាននិយាយថា ខ្លួននឹងចាប់ផ្ដើមជម្លៀស ប្រជាជនជាង ១.១ លាននាក់នៅថ្ងៃពុធនេះ រីឯរដ្ឋ Georgia ក៏បានប្រកាសភាពអាសន្ន នៅក្នុងតំបន់ចំនួន១៣ ផងដែរ៕