(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើក បើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៣-២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកទឹកចិត្ត ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរនីតិវិធីនៃការ រៀបចំ ទាំង អស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោល «អ្នកចេះគឺជាប់»

លោកស្រីបណ្ឌិតបណ្ឌិតអភិបាលខេត្ត បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារនៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ ក្នុងការ ប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត់។

តំណាងផ្នែកសន្តិសុខការ ប្រឡង បានឱ្យដឹងថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការប្រឡង និងត្រៀមពិនិត្យ ព្យាបាលបឋម សម្រាប់បេក្ខជនប្រឡង ដែលមានបញ្ហាសុខភាពពិសេសបានចាត់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន សហការគ្នា តាមមើលថែរក្សាការពារ ក្មួយៗបេក្ខជនប្រឡង ២៤លើ២៤ម៉ោងផងដែរ។

តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបៃលិន បានលើកឡើងថា៖សម្រាប់ ឆ្នាំសិក្សា ២០២៣-២០២៤ ក៍មិនខុសពីឆ្នាំមុនៗនោះដែរ គឺលោក អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានបន្តផ្ដល់ជូន បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំងអស់ នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំង ការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេសល្អ ឯកឧត្តម និងលោកជំទាវនឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងផ្តល់អាហាររូបករណ៍ជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផងដែរ។

ក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលោក អ៊ីឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្ត ទុក្ខដាក់ខ្ពស់ ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើ កង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡងឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។

បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឲ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤នេះ គឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់បីថ្ងៃទី៨-៩ ខែតុលាឆ្នាំ២០២៤ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡង ចំនួន ០២មណ្ឌល គឺទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន ២៤បន្ទប់មានបេក្ខជនសរុបចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៥៤នាក់ ស្រី២៤នាក់៕