(កំពង់ធំ)៖ នៅលើផ្លូវលំក្រាលកៅស៊ូលេខ២៧១៨ នៅត្រង់ចំណុចភូមិយាយទៀង ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១ករណី ក្នុងដំណើរច្រាសទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងរបួស​ធ្ងន់ស្រាល២នាក់ ព្រមទាំងខូចខាត ម៉ូតូ១គ្រឿង ​និងរថយន្ត​១គ្រឿង​។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលានេះ បានឲ្យដឹងថា រថយន្ត​ម៉ាក ​CAMRY បាឡែន​​ ពណ៌ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2I-7098 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណរត់គេចខ្លួន បាត់​បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បើកពីកើតទៅលិច។

ដោយឡែក ម៉ូតូម៉ាកហង់ដាឌ្រីម០១៩​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខកំពង់ធំ1M-3564 បើកបរដោយឈ្មោះ យ៉ោក​ វណ្ណនី ភេទស្រី​អាយុ​ ៣៧ឆ្នាំ​ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីលិចទៅកើត (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។

អ្នក​រួមដំណើរទី១៖ ឈ្មោះ​ គុណ​ ស៊ីណែត​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ ត្រូវ​ជាកូនអ្នកបើកបរ​ (របួសស្រាល)​ ពាក់មួក​សុវត្ថិភាព និងអ្នក​រួមដំណើរទី២៖ ឈ្មោះ​ គុណ​ ឧត្តម ​ភេទប្រុស​  អាយុ៨ឆ្នាំ​ ត្រូវ​ជាកូនអ្នកបើកបរ​ (របួសធ្ងន់)​ ពាក់មួក​សុវត្ថិភាព​។

បច្ចុប្បុន្ន សមត្ថកិច្ចបានប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៍ ខេត្ដកំពង់ធំ៕