(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅម៉ោងជាង១០៖០០នាទី ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅក្នុងក្បែរស្នាក់ការគណបក្សបក្ស នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការទៅចុះឈ្មោះនេះ លោក កឹម សុខា អនុញ្ញាតឱ្យមានការហែរហមដោយក្រុមតំណាងរាស្រ្តមួយចំនួន ប៉ុន្តែមិនអនុញ្ញាតឱ្យមានសកម្មជនច្រើនទៅជាមួយនោះទេ ដោយលោកខ្លាចមានការកកស្ទះ និងប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត។
វត្តមាននៃការចាកចេញទៅចុះឈ្មោះនេះ បានធ្វើឡើងតាមការកំណត់ដូចទៅនឹងសេចក្តីប្រកាស របស់គណបក្សសង្រ្គោះជាតិ ក្រោយកិច្ចប្រជុំកាលពីម្សិលមិញ ប្រាកដមែន ខណៈដែលមានសកម្មជនមួយចំនួនគាំទ្រឱ្យលោក កឹម សុខា ទៅចុះឈ្មោះ និងចាត់តាំងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឱ្យចូលប្រជុំសភា។
សូមបញ្ជាក់ថា លោក កឹម សុខា បានសំងំនៅទីស្នាក់ការបក្ស អស់រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦មក បន្ទាប់ពីតុលាការមានចំណាត់ការ លើលោកជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្ម៕