(ភ្នំពេញ)៖ របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក ​បាន​និយាយនៅ​ថ្ងៃនេះ​ថា តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក (EAP) នៅ​តែ​បន្ត​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​ជាង​តំបន់​ដទៃទៀតលើ​ពិភពលោកក្នុងឆ្នាំ២០២៤​ ប៉ុន្តែនៅ​ក្នុង​សន្ទុះ​មួយ​យឺត​ជាង កាល​មិន​ទាន់​​មាន​ការ​ផ្ទុះ​​ជំងឺ​រាត​ត្បាត​​សកល។

​ក្នុង​របាយការណ៍ បច្ចុប្បន្ន​ភាព​ស្ថាន​ភាព​សេដ្ឋកិច្ច​​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ធនាគារ​ពិភពលោក​ព្យាករ​ថា ​ក្នុង​ឆ្នាំ​២០២៤ តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកមាន​កំណើន​សេដ្ឋកិច្ច​ក្នុងអត្រា ៤.៨ភាគរយ ប៉ុន្តែ​អត្រា​នេះ​នឹងធ្លាក់​មកនៅ ៤.៤ភាគរយវិញ ក្នុងឆ្នាំ២០២៥។

កំណើននៅប្រទេសចិន ដែលជាសេដ្ឋកិច្ចធំ​ជាងគេ​ក្នុង​តំបន់ ​ត្រូវបានព្យាករថានឹងធ្លាក់ចុះ​ពី៤.៨ភាគរយ ​ក្នុង​ឆ្នាំនេះ មក​នៅ៤.៣ភាគរយ ​​ឆ្នាំក្រោយ ខណៈ​​ដែលទីផ្សារអចលនទ្រព្យនៅ​តែ​មាន​ភាពទន់​​ខ្សោយ​​រ៉ាំរ៉ៃ, តម្រូវការអ្នកប្រើ​ប្រាស់ និង​វិនិយោគិន​​ខ្វះ​ទំនុក​ចិត្ត​ អម​ដោយ​បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធមួយ​ចំនួន​ទៀត ដូចជា ភាពចាស់ជរា និងភាព​តានតឹង លើពិភពលោក។

កំណើនសេដ្ឋកិច្ច​នៅផ្នែក​ផ្សេង​ទៀតក្នុងតំបន់នេះ ត្រូវបានព្យាករថា នឹងកើនឡើងពី ៤.៧ភាគរយ ក្នុង​ឆ្នាំនេះ ដល់៤.៩ភាគរយ នៅឆ្នាំក្រោយ ដោយសារអត្ថប្រយោជន៍ពីការកើនឡើង នៃការប្រើប្រាស់ក្នុងស្រុក, ការងើប​ឡើង​វិញ​នៃ​ការនាំចេញទំនិញ និងការស្ទុះងើបនៃវិស័យទេសចរណ៍។

នៅ​ក្នុងចំណោមប្រទេសធំៗ មានតែ​ឥណ្ឌូនេ​ស៊ីទេ​ដែលគេ​រំពឹងថា ​សេដ្ឋកិច្ចនៅឆ្នាំ២០២៤ និង ឆ្នាំ​២០២៥ នឹង​មាន​កំណើនត្រឹម​ ឬលើសពីកម្រិតមុនពេលមាន​ជំងឺរាតត្បាតសកល​។
ផ្ទុយទៅវិញ នៅ​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម គេរំពឹងថា​​សេដ្ឋកិច្ច​នឹងមាន​កំណើន​ក្នុង​កម្រិតទាបជាងនៅ​ឥណ្ឌូនេស៊ី​។ រីឯ​នៅ​តាម​​ប្រទេសកោះប៉ាស៊ីហ្វ៊ិក សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹងកើនបាន​ ៣,៥ភាគរយ ក្នុង​ឆ្នាំ២០២៤ និង ៣,៤ភាគរយ ក្នុង​ឆ្នាំ២០២៥ ដោយសារ​វិស័យ​ទេសចរណ៍ស្ទុះងើបឡើងវិញ។ កំណើននៃ​ការ​វិនិយោគនៅតែមានភាព​ទន់ខ្សោយនៅទូទាំង​តំបន់។

លោកស្រី​ ម៉ានូអែឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានថ្លែងថា «បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅ​តែ​បន្តដើរ​តួ​ជា​ក្បាលម៉ាស៊ីននៃកំណើន​សេដ្ឋ​កិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើន​កំពុងថមថយ​ល្បឿន។ ដូច្នេះ ដើម្បី​រក្សា​បាននូវកំណើនរឹងមាំ​ក្នុង​រយៈ​ពេល​មធ្យម បណ្តា​ប្រទេសក្នុងតំបន់​​នេះ​ ត្រូវអន្តរ​សកម្ម​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន​ ដើម្បីត្រាយ​​ផ្លូវ​សម្រាប់​ដំណើរ​សេដ្ឋកិច្ច​ទៅ​មុខ ក្នុង​កាលៈទេសៈដែល​មាន​ការប្រែប្រួល​បែបផែន​ពាណិជ្ជកម្ម និងការ​ផ្លាស់ប្តូរបច្ចេក​វិទ្យា»

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនេះ បានគូស​រំលេច​កត្តាបីយ៉ាង​ ដែលទំនងជាជះ​ឥទ្ធិ​ពលទៅលើ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់៖ ១) ការផ្លាស់ប្តូរលំនាំ​ពាណិជ្ជកម្ម និងការវិនិយោគ, ២) កំណើនយឺតនៅ​ក្នុងប្រទេសចិន, និង ៣)​ ការកើនឡើងនៃ​​ភាពមិនច្បាស់លាស់នៃគោលនយោបាយសកល។

ទីមួយ៖ ភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗរវាងសហរដ្ឋអាមេរិក និងចិន បានបង្កឱកាសសម្រាប់​ប្រទេស​​ដូចជា​វៀតណាម ឱ្យ​ខិ​តខំ​ពង្រឹងតួនាទីរបស់ខ្លួន​នៅក្នុងខ្សែច្រវាក់តម្លៃសកល ក្នុង​ការ «តភ្ជាប់» ដៃគូ​ពាណិជ្ជ​កម្ម​សំខាន់​ៗ។

ការ​លក់​របស់​ក្រុម​ហ៊ុន​វៀតណាមដែលនាំចេញទៅសហរដ្ឋអាមេរិក បាន​កើនទំហំ​​ជិត ២៥ភាគរយ​ លឿនជាងក្រុមហ៊ុនដែល​នាំ​​ចេញ​​ទៅកាន់គោលដៅផ្សេងទៀត ក្នុងចន្លោះពី​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​២០២១។ យ៉ាងណាក៏ដោយ ភស្តុតាងថ្មីៗបង្ហាញថា សេដ្ឋ​កិច្ចតាម​បណ្តា​ប្រទេស​ប្រហែលជា​អាច​បាន​ត្រឹម​តែ​ដើរតួជា​ «ឧបករណ៍តភ្ជាប់ឯកទិស» ប៉ុណ្ណោះ ដោយសារ​តែ​មាន​ការ​រឹតត្បិត​ជាង​មុន​នៅ​ក្នុង​វិធាន​​​ថ្មីៗស្តីពីប្រភពដើមទំនិញ​ ​លើ​ការ​នាំចូល និងការនាំចេញ។

ទីពីរ៖ ប្រទេសជិតខាង​នៃ​ប្រទេស​ចិន ​បាន​ទទួល​អត្ថ​​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំរបស់ចិន ក្នុង​រយៈ​ពេល​បី​ទស​វត្សរ៍​ចុងក្រោយនេះ ប៉ុន្តែទំហំនៃអត្ថ​​ប្រយោជន៍​ដែល​ជា​កម្លាំងរុញច្រានសេដ្ឋ​កិច្ច​នោះ ពេលនេះ កំពុងរួមតូច​ជា​ងមុន​ហើយ​។ ប្រទេសចិនបានសណ្តោងអូសប្រទេសផ្សេងទៀតតាមរយៈ​តម្រូវការនាំចូលរបស់ខ្លួន ប៉ុន្តែ​ឥឡូវ​នេះ ​សេដ្ឋកិច្ច​របស់​ចិន​លូត​លាស់​យឺតជាង ផ.ស.ស នៃ​ប្រទេស​ទាំងនោះ​ទៅទៀត។ ការនាំចូលបានកើនឡើងត្រឹមតែ ២.៨ភាគរយ ប៉ុណ្ណោះ​ក្នុង​រយៈពេល ៧ខែដំបូង នៃឆ្នាំនេះ ធៀបទៅ​នឹងជិត ៦ភាគរយ​ ក្នុងមួយឆ្នាំក្នុងទសវត្សរ៍មុន។

ទីបី៖ ភាពមិនប្រាកដប្រជាសកលលោក​ អាចជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ច​ក្នុង​តំបន់​​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ក្រៅ​ពី​ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់កាន់​តែ​ខ្លាំង​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​ អាច​​កាត់​បន្ថយ​ផលិតកម្មឧស្សាហកម្ម និងតម្លៃភាគហ៊ុនក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក រហូតដល់ ០,៥ភាគរយ និង ១ភាគរយ រៀងៗខ្លួន​។

របាយការណ៍នេះ មាន​ជំពូក​ផ្តោតពិសេសមួយ​​ដែលពិនិត្យមើលថាតើប្រទេសក្នុងតំបន់ អាចធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​ទាញយកអត្ថ​​ប្រយោជន៍​ពីបច្ចេកវិទ្យាថ្មីៗ សម្រាប់បង្កើតការងារសម្រាប់ ប្រជាជនរបស់ខ្លួន​។ មនុស្សយន្ត​ឧស្សាហ​កម្ម, បញ្ញាសិប្ប​និម្មិត និងថ្នាលឌីជីថល កំពុងជះឥទ្ធិពលទៅលើទីផ្សារពលកម្ម​ក្នុងតំបន់។

ចន្លោះឆ្នាំ២០១៨ និង ឆ្នាំ​២០២២ ការប្រើ​ប្រាស់​​មនុស្ស​យន្ត​ ​ បាន​ជួយបង្កើតការងារបាន​ប្រមាណ ២លានកន្លែង (៤.៣%) សម្រាប់ពលករ​ក្នុង​ប្រព័ន្ធ​​ដែលមាន​ជំនាញ​ ដោយសារវាមាន​ផលិតភាពខ្ពស់ និងទំហំផលិតកម្មកើនឡើង ព្រមទាំងដោយ​សារ​​មាន​តម្រូវការជំនាញបំពេញបន្ថែមផងដែរ​។ ប៉ុន្តែ មនុស្ស​យន្ត​ក៏បានធ្វើ​ឱ្យ​មនុស្ស​ប្រមាណ ១.៤លាននាក់ (៣.៣%) នៃពលករក្នុង​ប្រព័ន្ធដែលមាន​ជំនាញទាប​នៅក្នុង​ប្រទេសអាស៊ានចំនួនប្រាំ បាត់​បង់​ការងារ​ផង​ដែរ​។

ដោយសារភាគ​ច្រើនលើសលប់​​នៃ​ការងារនៅ​​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក​ ជា​ការ​ងារ​ប្រើ​កម្លាំងផ្ទាល់, មានតែ​​មួយ​ភាគ​តូចប៉ុណ្ណោះ​​នៃ​​ការងារក្នុង​តំបន់​ដែលរងការ​គំរាមកំហែងរបស់​បញ្ញាសិប្បនិម្មិត បើ​ធៀបទៅនឹង​ប្រទេស​មានសេដ្ឋកិច្ចជឿន​លឿន។ ប៉ុន្តែ តំបន់នេះ​ក៏មិនទាន់​ត្រៀម​ខ្លួន​បាន​​ល្អ​ដែរ សម្រាប់​ទាញយក​អត្ថ​ប្រយោជន៍​​ផ្នែក​ផលិតភាពរបស់​បញ្ញាសិប្ប​និម្មិត ព្រោះមាន​ការងារតែ ១០ភាគរយ ប៉ុណ្ណោះ​ដែល​ពាក់ព័ន្ធ​​នឹងការងារ​បំពេញ​បន្ថែមដល់បញ្ញាសិប្បនិម្មិត ធៀបទៅ​នឹង​ប្រហែល ៣០ភាគរយ នៅក្នុង​ប្រទេស​​ដែលមានសេដ្ឋកិច្ចជឿនលឿន។

លោក អាឌិត្យា ម៉ាទូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានថ្លែងថា «ពេលនេះ បែបផែនអភិវឌ្ឍន៍របស់តំបន់​អាស៊ីបូព៌ា ដែលពឹងផ្អែក​លើទីផ្សារ​ពិភព​​លោក​​បើក​ចំហ និង​ផលិត​កម្ម​ប្រើ​ប្រពលកម្ម កំពុងប្រឈមហានិភ័យបង្កដោយ​ភាព​តាន​តឹង​ពាណិជ្ជ​កម្ម និង​​បច្ចេកវិទ្យាថ្មីៗ។ ការឆ្លើយតប​ដ៏ប្រសើរបំផុត គឺធ្វើឱ្យកិច្ចព្រមព្រៀង​ពាណិជ្ជកម្មឱ្យ​កាន់តែស៊ីជម្រៅ និងបំពាក់​ឱ្យ​ប្រជាជន​នូវជំនាញ និងលទ្ធ​ភាព​ចល័តទី ដើម្បីទាញយក​អត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ»