(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ រួមមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅទីសិប្បកម្មឈើ និងហាងលក់កាហ្វេ ស្ថិតនៅក្នុងភូមិ ជ្រោយអំពិល សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន១១នាក់ ស្រី៤នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ពួកគេជាកម្មកសំណង់ជនជាតិវៀតណាម មកធ្វើការគ្មានសៀវភៅការងារ និងគ្មានលិខិតឆ្លងដែន។ សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា នៅម៉ោង៦ព្រឹកព្រលឹម ថ្ងៃទី០៥ ខែកញ្ញានេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានចុះត្រួតពិនិត្យនៅទីតាំងផ្ទះល្វែង (ភោជនីយដ្ឋានភ្នំពេញខេមរា) ស្ថិតនៅផ្លូវលេខ៦១ កែង១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៨នាក់ ទៀតផងដែរ៕