(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងសមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានរៀបចំសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន»​។

តាមរយៈការអនុវត្តគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនបំណិនជីវិតក្នុងការគ្រប់គ្រងចាត់ ចែងលុយកាក់ក្នុងក្រុមគ្រួសារ ​និងចៀសផុតពីការចាញ់បោកផ្នែកហិរញ្ញវត្ថុ ក្នុងប្រការណាមួយ ឬជួយបញ្ចៀសនូវបំណុលច្រើនលើសលប់។ ​

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។

គម្រោងនេះបានផ្តួចផ្តើមឡើងដោយ ធនាគារជាតិនៃកម្ពុជា ​និងបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបាននិងកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។
ក្នុងអំឡុងពេលសាកល្បងនេះ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន បណ្តុះបណ្តាលគ្រូបង្គោលថា្នក់ឃុំបាន ០២វគ្គ ដែលមានអ្នកចូលរួមចំនួន៥៩រូប ក្នុងនោះមានស្រ្តីចំនួន ១៦នាក់។ គ្រូបង្គោលថ្នាក់ឃុំមានសមាសភាពមកពី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា សំដែងការសាទរ ចំពោះសមិទ្ធផលដែលសម្រេចបាន ក្នុងការអនុវត្តសាកល្បងនៃគម្រោងនេះ។ លោកបន្តថា ការលើកកម្ពស់ធុរកិច្ចធនាគារ ប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈស្នូលរបស់សមាគមធនាគារនៅកម្ពុជា ព្រមទាំងសមាជិករបស់ខ្លួនផងដែរ។

លោក សោភ័ណ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សមាគមធនាគារនៅកម្ពុជា ពិតជាមានកិត្តិយស ដែលក្លាយជាផ្នែកមួយនៃគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ និងសមាជិកក្រុមប្រឹក្សានៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និងសមាជិកប្រតិបត្តិនៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាលគម្រោងផងដែរ»

លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងបញ្ជាក់ថា គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍នេះ ត្រូវបានបង្កើតទ្បើងស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង តាមមូលដ្ឋាន ដោយផ្តោតទៅលើ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការ កសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែលជាជនបង្គោលក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះ ជូនប្រជាជនក្នុងសហគមរបស់ពួកគាត់។

លោកស្រីបន្តថា «គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនបំណិនជីវិត ក្នុងការគ្រប់គ្រងចាត់ ចែងលុយកាក់ក្នុងក្រុមគ្រួសារ ជួយឱ្យពលរដ្ឋនៅមូលដ្ឋានយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងកម្ចី និងចៀសផុតពីការចាញ់បោក ផ្នែកហិរញ្ញវត្ថុក្នុងប្រការណាមួយ ឬជួយបញ្ចៀសនូវបំណុលច្រើនលើសលប់»

លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារអនុវត្តគម្រោង ជនបង្គោល អ្នកសម្របសម្រួលតាមឃុំគោលដៅ សមាគម និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រឱ្យគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍នេះ ទទួលបានផ្លែផ្កានិងលទ្ធផលគួរជាទីមោទនៈ។

លោកទេសាភិបាលរង ក៏បានស្នើកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀលដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំងបញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពីការឆបោកផ្នែកហិរញ្ញវត្ថុ និងទទួលខុសត្រូវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និងស្រ្តី។

លោកបានគូសបញ្ជាក់ផងដែរថា «ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ក្នុងដំណាក់ការសាកល្បងនេះ នឹងក្លាយជាឧត្តមានុវត្តន៍សម្រាប់ក្រុមការងារ អាចប្រើប្រាស់សម្រាប់ការពង្រីកវិសាលភាពនៃគម្រោងនេះទៅកាន់ ឃុំ-សង្កាត់ ក្រុង-ស្រុកផ្សេងទៀត»

ក្រៅពីរៀបចំវគ្គបណ្តុះបណ្តាលបញ្រ្ជាប់ចំណេះដឹង ដល់ពលរដ្ឋ គម្រោងក៏បានបង្កើតសៀវភៅកម្រងមេរៀន សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ចំនួន០៥ ព្រមទាំងធ្វើការបោះពុម្ពបានចំនួន២ដង សរុបសៀវភៅបោះពុម្ភទាំងពីរលើកបានចំនួន ៧ ៥០០ក្បាល។

គម្រោងក៏បានផលិតសម្ភារៈសម្រាប់បម្រើដល់ការអនុវត្តគម្រោងថ្នាក់មូលដ្ឋាន ការអង្កេត baseline នៅមូលដ្ឋានអនុវត្តគម្រោងដែលមានសំណាកសរុបចំនួន៤០០ ការចុះអប់រំប្រជាពលរដ្ឋតាមមូលដ្ឋានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈគ្រូបង្គោល សរុបចំនួន ៤៨ដង ដោយក្នុងនោះមានអ្នកចូលរួមសរុបចំនួន ១៥ ០៣៣ នាក់ ស្រីចំនួន ១១ ១៧២នាក់។ ព្រមទាំងធ្វើការបញ្រ្ជាបសារអំពីចំណេះដឹង ផ្នែកហិរញ្ញវត្ថុដល់អាជ្ញាធរមូលដ្ឋាន ដល់គ្រូបង្គោល និងប្រជាពលរដ្ឋនៅពេលមានការជួបជុំនានា សរុបចំនួន ៣.៤៣៩នាក់ ស្រីចំនួន ១.០៤៩នាក់៕