(កំពង់ធំ)៖ ត្រឹមតែប៉ុន្មានថ្ងៃនេះ ស្រុកតាំងគោក បានទទួលរងជំនន់ទឹកភ្លៀងធ្វើឱ្យស្រូវរបស់ប្រជាពលរដ្ឋលិចជាច្រើនហិកតា។ ដោយទទួលព័ត៌មានពីលោកមេឃុំ, លោកអភិបាលស្រុកតាំងគោក និងសហការី បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីចង់ដឹងពីទិន្នន័យ និងការលិចលង់ស្រូវប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅឃុំស្រឡៅ ឃុំពង្រ និងឃុំទ្រៀល ក្នុងការធ្វើបច្ចុប្បន្នភាពជូនដល់ ពួកគាត់ឱ្យបានទាន់ពេលវេលា។

លោកបានណែនាំអាជ្ញាធរឃុំ ឱ្យតាមដានជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ចៀសសវាងការខូចខាតស្រូវប្រជាជនដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម ស្របពេលដែល រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើវិស័យកសិកម្មទោះយ៉ាងណាអាជ្ញាធរស្រុក និងឃុំនៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលាពីជំនន់ទឹកភ្លៀងនេះ៕