(កំពង់ចាម)៖ លោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ពោលគឺប្រឡងឲ្យជាប់ និងទទួលបាននិទ្ទេសល្អផងដែរ។

ទន្ទឹមនឹងនេះ លោកស្នើបេក្ខជនទាំងអស់រក្សាសណ្ដាប់ធ្នាប់ គោរពទៅតាមបទបញ្ជា ដោយមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ សៀវភៅ ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ចូលមណ្ឌលប្រឡងឡើយ។

បើតាមមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៣-២០២៤ ខេត្តកំពង់ចាម មាន ១៤មណ្ឌលប្រឡង ស្មើនឹង ៣៦១បន្ទប់ និងមានបេក្ខជនចំនួន ៨.៩៨២នាក់៕