(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចប្រតិទិន និងផែនការមេ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ព្រមទាំងពិនិត្យសម្រេច លើកិច្ចពិភាក្សាសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេចដូចខាងក្រោម៖

*ទី១៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតលើកទី១ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ រួមមាន៖

*សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអនុវត្តការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
*ប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
*ផែនការមេសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។

*ទី២៖ ឯកភាពលើខ្លឹមសារ និងការផ្តល់យោបល់របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប អំពីកិច្ចពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ ឬ/និងសំណូមពរ ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ ប្រធានបទនៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតនោះមានចំនួន៥ ប្រធានបទរួមមាន៖

*ការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោត។
*ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។
*ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត និងការឃោសនាបោះឆ្នោត។
*កិច្ចប្រតិបត្តិការបោះឆ្នោត និងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
*នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការបោះឆ្នោត៕