(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ទីរជំនាញ តាមរយៈយន្តការដោះស្រាយវិវាទដីធ្លី ដែលមានស្រាប់ ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយតាមគោលនយោបាយឈ្នះឈ្នះ សំដៅបង្កើនសុខដុមរម្យនីយកម្មក្នុងសង្គម។

អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

អភិបាលខេត្ត បានថ្លែងថា បញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តកំពង់ចាម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញសុទ្ធតែបានចូលរួមអនុវត្ត និងប្ដេជ្ញាជំរុញការដោះស្រាយវិវាទនេះ ឲ្យមានការថយចុះជាលំដាប់។ ជាលទ្ធផល ផ្នែកតាម របាយការណ៍បានបង្ហាញថា វិវាទដីធ្លីទូទាំងខេត្តមានការថយចុះគួរអោយកត់សម្គាល់។

ប៉ុន្តែទោះជាយ៉ាងនោះក្តី ទំនាស់ដែលនៅសេសសល់ពីឆ្នាំចាស់ទាំងប៉ុន្មាន សុំឲ្យមន្ទីរជំនាញតាមរយៈយន្តការដោះស្រាយវិវាទដីធ្លីដែលមានស្រាប់ ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ សំដៅបង្កើនសុខដុមរម្យនីយកម្មក្នុងសង្គម។

អភិបាលខេត្ត បានបន្តថា ការងារដីធ្លី គឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រដ្ឋាភិបាល ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការអាទិភាព មួយដែល អាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុត។

ក្នុងឆ្នាំ២០២៤នេះ ឆ្នាំទី១ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ដូចនេះក្នុងឆ្នាំ២០២៤ យើងទាំងអស់គ្នា ត្រូវរួមគ្នា សម្រេចឲ្យបាននូវផែនការមួយចំនួន ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម បានដាក់ចេញនោះគឺការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋតាមរយៈការចុះបញ្ជីដីធ្លី ការរួមគ្នាដោះស្រាយ នូវរាល់វិវាទដីធ្លី ការគ្រប់គ្រងសំណង់ និងការរៀបចំផែនទីរដ្ឋបាល ការរៀបចំផែនការប្រើប្រាស់ដីខេត្តកំពង់ចាម និងរៀបចំផែនការប្រើប្រាស់ដី ឃុំ សង្កាត់ជាដើម។

ផ្អែកតាមផែនការខាងលើ លោកអភិបាលខេត្តបានផ្តល់នូវអនុសាសន៍ជូនដល់អង្គសន្និបាត លើការងារផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ទូទាំងខេត្ត ដោយពិនិត្យជារួមមកន្លងមក យើងសង្កេត ឃើញថាការងារនេះ ហាក់មានសន្ទុះខ្លាំងក្លា មានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសប្រជាពលរដ្ឋដែលបង្កលក្ខណៈឲ្យកិច្ចការងារនេះដំណើរការទៅដោយរលូន និងឈានតាមផែនការដែលបានកំណត់។

យោងតាមបទពិសោធន៍ល្អៗកន្លងមក អភិបាលខេត្ត ស្នើឲ្យអស់លោក លោកស្រី អ្នកនាងកញ្ញាដែលបានចូលរួមអនុវត្តនូវការងារនេះ បន្តស្នាដៃនេះឲ្យបានសម្រេចដូចរយៈពេលកន្លងមក។ ទន្ទឹមនេះត្រូវខិតខំចេញបណ្ណកម្ម សិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ហើយនៅពេលខាងមុខឆាប់ៗនេះ រដ្ឋបាលខេត្តកំពង់ចាម និងធ្វើពិធីបិទបញ្ចប់ការងារចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមរយៈការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕