(ភ្នំពេញ)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានប្រាប់ទៅអភិបាលស្រុកកំពង់លែង ឲ្យរៀបចំដំណើរការបោះឆ្នោត ជ្រើសរើសមេភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ឡើងវិញ។

ក្នុងលិខិតផ្ញើទៅអភិបាលស្រុកកំពង់លែង បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យស្រាវជ្រាវអំពីកិច្ច ដំណើរការអនុវត្ត នីតិវិធីនៃការបោះឆ្នោតជ្រើសរើសមេភូមិល្វា ដែលប្រជាពលរដ្ឋតវ៉ាលើលទ្ធផល នៃការបោះឆ្នោតរួចមក រដ្ឋបាលខេត្តបានពិនិត្យឃើញថា រដ្ឋបាលស្រុកបានខិតខំចាត់ចែងរៀបចំជាមួយរដ្ឋបាល ឃុំស្វាយរំពារ ក្នុងការជ្រើសរើសមេភូមិ ក្នុងគោលបំណងដើម្បីបំពេញតម្រូវការ ក្នុងតួនាទីជាមេភូមិស្របតាមស្ថានភាពនៃការដឹកនាំ គ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន។

ករណីនេះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ បានបំពេញនីតិវិធីសមស្របមួយចំនួន និងនៅមានភាពខ្វះចន្លោះនូវចំណុចមួយចំនួនទៀត ដែលត្រូវបំពេញបន្ថែមឱ្យបានត្រឹមត្រូវ តាមខ្លឹមសារណែនាំរបស់ក្រសួងមហាផ្ទៃ។

ក្នុងន័យនេះ អភិបាលខេត្តកំពង់ឆ្នាំង បានស្នើលោកអភិបាលស្រុក ចាត់ចែងនូវចំណុចមួយចំនួនដូចខាងក្រោម៖

* ជូនដំណឹងដល់លោកមេឃុំស្វាយរំពារ ដើម្បីចាត់ចែងមោឃភាព លើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេភូមិល្វា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

* រៀបចំដំណើរការបោះឆ្នោតជ្រើសរើសមេភូមិឡើងវិញ តាមសេចក្តីណែនាំ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ។

ក្រោយពីបានពិនិត្យ និងអនុវត្តរួចហើយ អភិបាលខេត្តកំពង់ឆ្នាំង ឲ្យលោកអភិបាលស្រុក ធ្វើរបាយការណ៍អំពីលទ្ធផល មករដ្ឋបាលខេត្តវិញជាបន្ទាន់។

សូមជម្រាបថា ប្រជាពលរដ្ឋភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តាមរយៈវិដេអូមួយ បានបង្ហាញការមិនពេញចិត្ត ចំពោការជ្រើសរើសមេភូមិថ្មី ឈ្មោះ ស៊ុន ដាណេ មិនមែនលោក យន់ ឡា ដែលមានស្នាដៃល្អ ធ្លាប់ជួយការងារមេភូមិចាស់គ្រប់យ៉ាង ពេលលោកមានជំងឺ និងទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីពលរដ្ឋទាំងមូល។

ប្រជាពលរដ្ឋ​ បានស្នើថ្នាក់លើ ជួយអន្តរាគមន៍លើកិច្ចការងារនេះ ព្រមទាំងជួយឲ្យលោក យន់ ឡា បានបំពេញការងារជាមេភូមិ ត្បិតលោកមានអត្តចរិតល្អ ចាស់ទុំ មានសីលធម៌ និងកម្រិតវប្បធម៌ក៏ល្អ ព្រមទាំងមានបទពិសោធន៍លើការងាររដ្ឋបាលផង៕