(រតនគិរី)៖ ប្រជាពលរដ្ឋអរគុណបានដល់រាជរដ្ឋាភិបាល ដែលបានរៀបចំដំណើរទស្សនកិច្ចជូនដល់ពលរដ្ឋឱ្យបានមកឃើញដោយផ្ទាល់បង្គោលព្រំដែន និងខណ្ឌសីមាព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម។ ពេលមកឃើញបង្គោលព្រំដែនផ្ទាល់ភ្នែក គ្មានឡើងការស្រពិចស្រពិល និងសង្ស័យឡើយ បង្គោលព្រំដែនត្រូវបានបោះយ៉ាងត្រឹមត្រូវ។

ប្រជាពលរដ្ឋដែលចុះមកទស្សនកិច្ចដោយផ្ទាល់នៅត្រង់បង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់, បានបញ្ជាក់ថា៖ «កាលពីមុនគ្រាន់តែលឺល្ហៀងៗ ប៉ុន្តែ ពេលអីឡូវមកឃើញច្បាស់អ៊ឹចឹង ខ្ញុំអស់ការសង្ស័យបង្គោលព្រំសីមា រវាងទឹកដីវៀតណាម និងទឹកដីកម្ពុជាយើង អស់គ្មានក្តីព្រួយបារម្ភពីបញ្ហាបាត់ទឹកដីទៀតហើយ»

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរក៏បានថ្លែងបង្ហាញការសប្បាយចិត្ត និងអរគុណដល់សន្តិភាព អស់គុណដល់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំដំណើរទស្សនកិច្ចដល់ប្រជាពលរដ្ឋបានមកពិនិត្យដោយផ្ទាល់ពីស្ថានភាពបង្គោលព្រំដែន។

ដោយឡែកសម្រាប់ពលរដ្ឋម្នាក់ទៀត បានលើកឡើងថា ពេលមកដល់បង្គោលព្រំដែន មានអារម្មណ៍ជ្រះស្រឡះក្នុងខ្លួន ហើយបង្គោលព្រំដែន គឺរឹងមាំតកូនចៅជំនាន់ក្រោយទៀត។ ពេលមិនទាន់មកក្នុងអារម្មណ៍ស្រពិចស្រពិល ពេលមកដល់បង្គោលព្រំដែន មានអារម្មណ៍ជ្រះស្រឡះហើយ។

ប្រជាពលរដ្ឋដែលបានឃើញពីស្ថានភាពព្រំដែនដោយផ្ទាល់ភ្នែក បានបញ្ជាក់ជំហរយ៉ាងរឹងមាំ ជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសមត្ថភាពដឹកនាំប្រទេសជាតិឱ្យរឹងមាំតទៅទៀត។

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

សូមស្តាប់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម៖