(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់អំណោយផ្ទះ២ខ្នង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនអតីតយុទ្ធជនពិការ នៅស្រុកកោះធំ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ។ យុទ្ធជនពិការ ដែលបានទទួលអំណោយជាផ្ទះនេះ ទី១-ឈ្មោះ យ៉ុន យ៉ុង ភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ទី២-ឈ្មោះ គៀត ស្រិន ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានសុំអភ័យទោស ដល់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកការបម្រើ និងដោះស្រាយបញ្ហា ជូនបងប្អូនមិនបានទាន់ពេល ដោយសារខាងមន្ទីរសង្គមកិច្ច មានគ្នាតិច តែពេលនេះសមាគមមានគ្នាច្រើន ល្មមអាចជួយដោះស្រាយបញ្ហាជូនបងប្អូនបាន និងសូមឲ្យមេប៉ុស្តិ៍ គ្រប់ប៉ុស្តិ៍ផ្តល់លេខទូរស័ព្ទ ដល់បងប្អូនអតីតយុទ្ធជនឲ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួល ជួយដល់បងប្អូនពេលមានបញ្ហា។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បានប្រគល់ដី និងផ្ទះថ្មីមួយខ្នង ដែលទើបធ្វើរួច ជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច សាយ ឈុំ ជូនលោកយាយ ស៊ឹម នីន អតីតមេទ័ពស្រី កាលពីសម័យតស៊ូប្រឆាំងនឹង ប៉ុល ពត ផងដែរ៕