(ក្រចេះ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ស្ដីពី «ការលើកកម្ពស់ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយពាក់ព័ន្ធការងារបោះឆ្នោតក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI»

ពិធីនេះបានធ្វើឡើងក្រោមអធិកបតីភាព លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅមន្ទីរផែនការខេត្តក្រចេះ។

លោក ស៊ុំ ប៊ុនហុង ថ្លែងនៅក្នុងពីធីបើកវគ្គបណ្តុះបណ្តាលនេះថា ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការរីករាលដាលនៃបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកយ៉ាងសកម្មក្នុងការទទួល និងបញ្ជូនព័ត៌មាន រួមទាំងសម្របសម្រួលលើការងារចាំបាច់មួយចំនួនដល់ប្រជាពលរដ្ឋទូទាំងសកលលោក។ ប៉ុន្តែ ភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានេះ ក៏កំពុងហុចផលអវិជ្ជមានមួយចំណែកដល់ពិភពលោក តាមរយៈរូបភាពក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយជាដើម។

លោកបានបន្តថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយនេះ គឺត្រូវផ្តោតលើអក្ខរកម្មឌីជីថល ការត្រិះរិពិចារណា និងការត្រួតពិនិត្យរកព័ត៌មានពិត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

លោកក៏បានបញ្ជាក់ផងដែរថា ដើម្បីទទួលបានព័ត៌មានពិតពីការបោះឆ្នោត គ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចស្វែងរក ឬតាមដាននៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័ន គ.ជ.ប.។

លោក ស៊ុំ ប៊ុនហុង បានបន្ថែមទៀត វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ឆ្នាំ២០២៤ នាពេលនេះ ជាឱកាសសម្រាប់គ្រប់គ្នាបានស្ដាប់ឮ ទទួលពិសោធន៍ពីគ្នាទៅវិញទៅមក និងអាចចងក្រងគ្នាជាបណ្ដាញ ដើម្បីអាចរួមគ្នាប្រយុទ្ធប្រឆាំងដំណឹងក្លែងក្លាយ ដំណឹងក្លែងបន្លំ ដើម្បីសន្តិសុខការងារ អង្គភាព របស់ស្ថាប័ន គ.ជ.ប ។

វគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃនេះមានខ្លឹមសារសំខាន់ៗ គឺ៖

*ព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំក្នុងសម័យឌីជីថល
*បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការបោះឆ្នោត
*ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំអ្នកបោះឆ្នោត

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលពីមន្រ្តីសេវាកម្មច្បាប់ និងបច្ចេកទេស និងមន្ត្រីអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត ទាំង២៥ រាជធានី ខេត្ត និង មន្ត្រីជំនាញនៃទីស្តីការ គ.ជ.ប ប្រមាណ ៧០នាក់៕