(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានរៀបចំទទួលបេក្ខជនស្នាក់នៅ-ផ្គត់ផ្គង់អាហារ៣ពេលផ្តល់អាហារថ្ងៃត្រង់ដល់យុវជន ស.ស.យ.ក ផ្តល់ទឹកសុទ្ធ ភេសជ្ជៈជាសាធារណៈ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤នេះ ជាច្រើនរយនាក់ ដើម្បីសម្រួលដល់ការចំណាយ។

ក្រៅពីនេះ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ ព្រះអង្គក៏បានផ្តល់ជូនទឹកសុទ្ធ និងភេសជ្ជៈដល់គណៈកម្មការប្រឡងនៅមណ្ឌលបឋមសិក្សាចំបក់ផងដែរ ហើយសកម្មភាពនេះព្រះចៅអធិការវត្តចំបក់ បានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីចូលរួមសម្រួលដល់ការលំបាកនានា ក្នុងព្រឹត្តិការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាដើម។

គួរឱ្យដឹងថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់។

ការប្រឡងនៅថ្ងៃទី០៨ ខែតុលានេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។

នៅថ្ងៃទី០៩ ខែតុលា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមាន មុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។

បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ៕