(ភ្នំពេញ)៖ អគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាព ដល់បុគ្គលិកសុខាភិបាល និងមន្ត្រីបំរើការងារតាមមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នាសាលប្រជុំបាត់ដំបង ទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម នៃអ.ជ.ប.គ.ញ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ មានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន ៧៥នាក់ និងមានរយៈពេល២ថ្ងៃ កន្លះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយមានការគាំទ្រពីថ្នាក់ដឹកនាំ អ.ជ.ប.គ.ញ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបុគ្គលិកសុខាភិបាល និងមន្ត្រីបម្រើការងារតាមមជ្ឈមណ្ឌល លើជំនាញការងារព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដើម្បីចូលរួមទាំងអស់ដោះស្រាយបញ្ហាគ្រឿងញៀននៅតាមមជ្ឈមណ្ឌល និងមណ្ឌលនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានបានលើកយកនូវមេរៀនសំខាន់ៗ មកធ្វើការបណ្តុះបណ្តាលរួមមាន៖ យន្តការនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ច្បាប់ស្តីពីការព្យាបាលអ្នកញៀនគ្រឿងញៀន សភាពការណ៍គ្រឿងញៀន និងការស្កេនខ្ចៅ ដៃអ្នកញៀនគ្រឿងញៀន, នីតិវធីនៃការបញ្ជូនខ្លួន និងការគ្រប់គ្រងអ្នកញៀនគ្រឿងញៀន, ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលក្នុងនោះគ្រូឧទ្ទេសមកពី អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ, ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទា ដែលមានបទពិសោធន៍លើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន ដោយបានចាត់ទុកវិធានការយុទ្ធសាស្រ្តព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកិច្ចការអាទិភាពនានាដែលត្រូវបន្តយកចិត្តទុកដាក់ និងបានគាំទ្រលើកទឹកចិត្តឱ្យមានការចូលរួមទាំងអស់គ្នាទាំងរដ្ឋ ឯកជន និងអង្គការនានាជាពិសេសការលើកកម្ពស់សុខុមាលភាពអ្នកញៀនគ្រឿងញៀនដែលកំពុងទទួលការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមមជ្ឈមណ្ឌល និងមណ្ឌលសំដៅធានាឱ្យបាននូវប្រសិទ្ធភាពកាន់តែល្អប្រសើរនិងឆ្លើយតប ក្នុងការព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសមាហរណកម្មពួកគាត់ចូលទៅក្នុងសង្គមជាតិវិញ។

តាមរយៈការបណ្តុះបណ្តាលនេះ អគ្គលេខាធិការរូបនេះ បានណែនាំ ដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃវគ្គបណ្តុះបណ្តាល ហើយខិតខំត្រងត្រាប់ស្តាប់នូវការចែករម្លែកបទពិសោធន៍ពីគ្រូឧទ្ទេសនាម កត់ត្រាដោយយកចិត្តទុកដាក់នូវខ្លឹមសារសំខាន់ៗក្នុងមេរៀននីមួយៗ បើមានចម្ងល់ សូមលើកជាសំណួរ គ្រូឧទ្ទេសត្រូវខិតខំពន្យល់ បកស្រាយ និងបើកទូលាយ ផ្តល់នូវទ្រឹស្តី បទពិសោធន៍ និងឧទាហរណ៍ ព្រមទាំងចំណេះដឹងដែលខ្លួនបានសិក្សាស្រាវជ្រាវទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងសកល គណៈគ្រប់គ្រងវគ្គត្រូវបន្តខិតខំសម្របសម្រួលលើការងារបច្ចេកទេសនានាដូចជា ពេលវេលា ឯកសារ គ្រូឧទ្ទេស និងគ្រប់គ្រងវត្តមានសិក្ខាកាម ឲ្យបានម៉ត់ចត់ ព្រមទាំងធ្វើការត្រួតពិនិត្យ និងវាយតម្លៃតាមរយៈ Pre Test និង Post Test អំពីប្រសិទ្ធភាព និងគុណភាព នៃវគ្គបណ្តុះបណ្តាលរបស់យើង។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានលើកឡើងផងដែរអំពីការគ្រប់គ្រងអ្នកទទួលបានសេវាបង្សាប និងប្រើប្រាស់គ្រឿងញៀន ដែលនៅពេលខាងមុខ អ.ជ.ប.គ.ញ និងរៀបចំប្រព័ន្ធស្កេនក្រយៅដៃ ដើម្បីគ្រប់គ្រងឱ្យកាន់តែប្រសើរស្របតាមបរិបទឌីជីថលផងដែរ៕