(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែតុលានេះ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»

សូមជម្រាបថា ការបញ្ចប់មុខតំណែង លោក កន សុខកាយ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ទម្លាយថា អតីតអភិបាលស្រុករូបនេះបានផ្តល់លុយចំនួន ៣០ម៉ឺនដុល្លារតាមរយៈលោក លី សាម៉េច ហៅគ្រូមា រត់ការយកតំណែងអភិបាលក្រុងអរិយក្សត្រ៕