(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា នៅឆ្នាំក្រោយក្រសួងអប់រំ នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅអំឡុងខែសីហាវិញ សំដៅឲ្យវិលមករកពេលវេលាចាស់ មុនដំណាក់កាលជំងឺកូវីដ១៩។

ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡង នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ នាមណ្ឌលប្រឡងវិទ្យាល័យព្រះស៉ីសុវត្ថិ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានអះអាងថា មុនដំណាក់កាលជំងឺកូវីដ១៩ ការប្រឡងបាក់ឌុបតែងតែធ្វើឡើងនៅអំឡុងខែសីហា ប៉ុន្ដែក្រោយមកត្រូវអូសបន្លាយពេលជាបន្ដបន្ទាប់ រហូតឆ្នាំខ្លះដល់អំឡុងខែធ្នូ ឬឆ្លងទៅឆ្នាំបន្ទាប់ក៏មាន។

លោកបណ្ឌិតសភាចារ្យ បានបន្ដទៀតថា ការអូសបន្លាយពេលវេលានេះ ក៏ធ្វើឲ្យសិស្សានុសិស្សដែលត្រូវមកប្រឡង ជួបនូវការលំបាកមួយចំនួនផងដែរ ដោយសារតែបញ្ហាអាកាសធាតុ និងមួយវិញទៀត អាចយឺតយ៉ាវសម្រាប់ឱកាសអាហារូបករណ៍នៅក្រៅប្រទេស។ ដោយមើលឃើញពីបញ្ហានេះ ក្រសួងអប់រំ នឹងបង្ខិតកាលប្រឡងមកអំឡុងខែសីហាវិញ នៅឆ្នាំខាងមុខ។

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «យើងចង់បង្ខិតការប្រឡងមកខែសីហា ដើម្បីឲ្យអ្នកដែលប្រឡងហើយមានឱកាសដាក់ពាក្យទៅរៀននៅបរទេស ឬទទួលអាហារូបករណ៍នៅបរទេស ព្រោះនៅប្រទេសដទៃបវេសនកាលចាប់ផ្ដើមនៅខែកញ្ញា។ ដូច្នេះឆ្នាំនេះយើងរុញមកខែតុលា ហើយឆ្នាំខាងមុខយើងនឹងរុញមកដល់ខែសីហាតែម្ដង»

យ៉ាងណាមិញ សម្រាប់សម័យប្រឡង ៨ តុលា ២០២៤នេះ ក៏មានមណ្ឌលប្រឡងខ្លះជួបនូវបញ្ហាទឹកលេចផងដែរ ប៉ុន្ដែបញ្ហាទាំងអស់នេះត្រូវបានដោះស្រាយបញ្ចប់ តាមរយៈការផ្លាស់ប្ដូរទីតាំងមណ្ឌលប្រឡង មុនដំណើរការប្រឡងបានចាប់ផ្ដើម។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី។

ជុំវិញបញ្ហានេះ សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានឲ្យដឹងថា មានមណ្ឌលប្រឡងក្នុងវិទ្យាល័យចំនួន៣ នៅរាជធានីភ្នំពេញ ដែលជួបនូវបញ្ហាប្រឈមដោយសារទឹកលេច ប៉ុន្ដែក៏ត្រូវបានដោះស្រាយបញ្ហារួចរាល់ហើយ តាមមធ្យោបាយផ្សេងៗរបស់អាជ្ញាធរ។

លោកបន្ដទៀតថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនប្រឡង រដ្ឋបាលរាជធានីភ្នំពេញ ក៏រៀបចំតម្រាយផ្លូវរត់សម្រាប់រថយន្ដក្រុងសាធារណៈផងដែរ ដោយរត់ឲ្យត្រូវម៉ោងប្រឡងរបស់បេក្ខជន។

មួយវិញទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើយ៉ាងណាជួយសម្រួលចរាចរណ៍នៅតំបន់ដែលមមាញឹក សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយឲ្យការធ្វើដំណើររបស់បេក្ខជនប្រឡងបានដោយរលូនផងដែរ៕

<div c