(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវការវាយតម្លៃថា ក្នុងរយៈពេល ១០ឆ្នាំ បើគិតពីឆ្នាំ២០១៤ មកទល់២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានដំណើរការយ៉ាងរលូនជាងមុន ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងភាគីដែលពាក់ព័ន្ធទាំងអស់។

ការលើកឡើងនេះ ក្នុងឱកាសបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡង នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «នៅឆ្នាំដំបូងមានបញ្ហាក្នុងការធ្វើកំណែទម្រង់នៃការប្រឡងនេះ ប៉ុន្តែក្រសួងបានរៀបចំមុនការប្រឡងរយៈពេលកន្លះឆ្នាំ ដោយមានការផ្សព្វផ្សាយ លិខិតបទដ្ឋាន ជាពិសេសមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈអ្នកសង្កេតការស្ម័គ្រចិត្ត និងចុះត្រួតពិនិត្យ»

លោកបន្ដថា «ឆ្នាំបន្តបន្ទាប់សិស្សានុសិស្ស មានការយល់ដឹងបានច្រើន ជាពិសេសនោះក្រសួងបានបំពេញនៅចំណុចដែលខ្វះខាត ដោយយល់ឃើញថា សិស្សានុសិស្សខ្សោយច្រើន ដូច្នេះក្រសួងអប់រំ បានរៀបចំកម្មវិធីបង្រៀនបំប៉ន សង្ខេបមេរៀន ចំណុចសំខាន់ គឺយកការប្រឡងទៅធ្វើកំណែទម្រង់ ដោយកែលម្អវិធីសាស្រ្តបង្រៀន ដែលធ្វើឲ្យមានការប្រសើរឡើង តាមរយៈការធ្វើកំណែទម្រង់សាលារៀន គ្រូខំប្រឹងបង្រៀន និងសិស្សខំប្រឹងរៀន ព្រមទាំងមានឪពុកម្ដាយចាំគាំទ្រ»។

បើតាមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន, ក្រសួងបានចាត់តាំងថ្នាក់ដឹកនាំ នៃក្រសួងឲ្យទទួលខុសត្រូវតាមបណ្ដាខេត្តទាំងអស់។ ទាំងគណៈកម្មការអប្បមាទ និងអាជ្ញាធររាជធានី-ខេត្ត ព្រមជាមួយគណៈកម្មាករសន្តិសុខ បានការពារមិនឲ្យមានអ្នកបោះឯកសារចូលក្នុងមណ្ឌលប្រឡងនោះឡើយ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែចូលរួមសហការគាំទ្រ ដល់កំណែទម្រង់នៃការប្រឡងបាក់ឌុប រហូតមានការរីកចម្រើនយ៉ាងល្អប្រសើរ ធានាបាននូវប្រសិទ្ធភាព ដើម្បីជោគជ័យនូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីអនាគតយុវជនជំនាន់ក្រោយរបស់យើង៕

<div c