(ព្រះសីហនុ)៖ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បន្តយកចិត្តទុកដាក់លើការពង្រឹងក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្ត ការធ្វើទំនើបកម្ម ការពង្រឹងសមត្ថភាព និងកិច្ចសហការសា្ថប័ន ដើម្បីកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

លោកបណ្ឌិត ឈន សុភាព បានមានប្រសាសន៍បន្ថែមថា កម្មពិធីដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃនេះយើងបានស្តាប់នូវបទបង្ហាញចំនុចសំខាន់ៗរបស់ជំនាញ ក៏ដូចជាបញ្ហាប្រឈមខ្លះៗ ដូចនេះយើងត្រូវរួមគ្នាដោះស្រាយចំពោះបញ្ហាកើតឡើងពាក់ព័ន្ធហ្នឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជាពិសេសពាក់ព័ន្ធនិងប្រធានបទទាំងពីរគឺ ទី១. ការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់លើទ្រព្យសម្បត្តិរបស់រដ្ឋ និង ទី២. ការពង្រឹងការគ្រប់គ្រងសម្បទានគ្រប់គ្រងសេវាសាធារណៈ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានធ្វើការវាយតម្លៃខ្ពស់ចំពោះរាល់មតិយោបល់ សំនួរ និងសំណូមពរយ៉ាងផុលផុសរបស់អ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលានេះ ដែលនឹងជាធាតុចូលដ៍សំខាន់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធទាំងនេះ។ នេះបង្ហាញពីស្មារតីនៃការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលស្ថិតក្រោមការកាន់កាប់របស់អាជ្ញាធរកាន់កាប់ផ្សេងៗគ្នា បើទោះបីជាការអនុវត្ដពុំទាន់បានពេញលេញ និងគ្រប់ជ្រុងជ្រោយក៏ដោយ។

លោកបណ្ឌិតបន្តថា បន្ទាប់ពីសិក្ខាសាលានេះ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នឹងធ្វើការត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានទាំងនេះបន្ថែមទៀតទៅដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងនីតិបុគ្គលសាធារណៈ ត្រូវបន្តពង្រឹងប្រព័ន្ធទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកលើការងារទ្រព្យសម្បត្តិរដ្ឋ និងការងារប្រមូលចំណូលមិនមែនសារពើពន្ធនៅតាមក្រសួង ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីងាយស្រួលធ្វើការផ្លាស់ប្ដូរ និងឆ្លើយឆ្លងមតិយោបល់ និងដោះស្រាយបញ្ហាប្រឈមនានា បានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត ឈន សុភាព បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងមុខងារជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នឹងបន្តសហការយ៉ាងជិតស្និទ្ធ និងបុរេសកម្ម ជាមួយក្រសួងស្ថាប័ន និងអង្គភាពទាំងអស់ ដើម្បីបន្តជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគិតយុត្ត និងនីតិវិធីជាធរមាន ជាពិសេសការធ្វើទំនើបកម្មការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធឱ្យស្របតាមស្ដង់ដារអន្តរជាតិ ការងារនេះ ជាការរួមចំណែកអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលមានទិសដៅឈានទៅហិរញ្ញវត្ថុសាធារណៈផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការស្របតាមស្តង់ដា និងឧត្តមានុវត្តអន្តរជាតិ និងស្របតាម កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់៕