(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង រួមជាមួយលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានចូលរួមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យ ជា ស៊ីម តាកែវ ដែលស្ថិតនៅក្នុងក្រុងដូនកែវ។

គួរជម្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមានបេក្ខជនចុះឈ្មោះប្រឡងសរុបទូទាំងប្រទេសមានចំនួន១៣៧,០៤០នាក់ (ស្រី៧៤,៨៨២នាក់)។

នៅក្នុងឱកាសនោះលោកអភិបាលខេត្តតាកែវបានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ គឺនៅតែមានការរឹតបន្តឹងដដែល ដែលតម្រូវឱ្យបេក្ខជនម្នាក់ៗ ត្រូវតែធ្វើការប្រឡងដោយសមត្ថភាពពិតៗនិយាយជារួមអ្នកចេះគឺជាប់។ ដូច្នោះបេក្ខជនទាំងអស់ត្រូវតែគោរពទៅតាមបទបញ្ជា ដោយមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលមណ្ឌលប្រឡងឡើយ។

បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ស្មើនឹង ៣៧៧បន្ទប់ មានបេក្ខជនប្រឡងសរុប ៩៣៤២នាក់ ស្រី ៤៩៦៧នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្តមាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី ១៤៨៤នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គមមាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣៤៨៣នាក់៕