(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចូលរួមគណ:កម្មការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីកាត់បើកប្រធានវិញ្ញាសាជានិមិត្តរូបសម្រាប់ព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨-៩ តុលា ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ដោយបានបង្ហាញអំពីការពិនិត្យភាពបិទជិត និងត្រាលើស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។
គួរជម្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមានបេក្ខជនចុះឈ្មោះប្រឡងសរុបទូទាំងប្រទេសមានចំនួន១៣៧,០៤០នាក់ (ស្រី៧៤,៨៨២នាក់)។
បើតាមបញ្ជីឈ្មោះបេក្ខជននៅក្នុងខេត្តបាត់ដំបង គឺមានបេក្ខជនចំនួន៩,៣៩១នាក់ (ស្រី៥,៣៤២នាក់) នៅទូទាំង១៤មណ្ឌល មាន៣៧៩បន្ទប់។
លោក សុខ លូ បានសំណេះសំណាលលើកទឹកចិត្ត និងផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ថា សូមជូនពរបេក្ខជនទាំងអស់ខិតខំប្រឡងឲ្យបានជាប់គ្រប់ៗគ្នា បើចេះគឺជាប់ បើមិនចេះគឺធ្លាក់ដោយកិត្តិយសផងដែរ។
សូមបញ្ជាក់ថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជា២ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន៕