(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ទន់ សាអ៉ឹម អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព ពិនិត្យ និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។

ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន៨,៤៧៣នាក់ ស្រី៤,៦៦៨នាក់ មានចំនួន១៥មណ្ឌល ស្មើនឹង៣៤០បន្ទប់។ ដោយក្នុងនោះបែងចែកជា២ផ្នែក មានផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។ ដោយផ្នែកវិទ្យាសាស្រ្តមាន៣មណ្ឌល ស្មើនឹង៨៤បន្ទប់ មានបេក្ខជនសរុបចំនួន២,០៨៨នាក់ ស្រី១,៣០៥នាក់ និងផ្នែកវិទ្យាសាស្រ្តសង្គមចែកចេញជា១២មណ្ឌល មានបេក្ខជនចំនួន៦,៣៨៥នាក់ ស្រី៣,៣៦៣នាក់ ស្មើនឹង២៥៦បន្ទប់។

លោក សួន សុម៉ាលីន អភិបាលខេត្ត ក៏បានណែនាំទៅដល់បេក្ខជន-បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ចញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានព្រីយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទួលបានជំនាញដែលខ្លួនស្រឡាញ់។

បន្ថែមលើសពីនេះ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើនិងណែនាំដល់បេក្ខជន-បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុងនៃការប្រលងនេះធ្វើយ៉ាងណាដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ ដើម្បីមានសមត្ថភាពក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិ។ 

ជាមួយគ្នានេះ លោក សួន សុម៉ាលីន ក៏សូមជូនពរដល់បេក្ខជន-បេក្ខនារីដែលបានមកប្រឡងទាំងអស់សូមឲ្យជាប់គ្រប់ៗគ្នាផងដែរ៕