(ស្វាយរៀង)៖ ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង មានបេក្ខជន-បេក្ខនារីចូលរួមប្រឡងចំនួន ៤,២១៤នាក់ (ស្រី២,២៦៩នាក់) ខណៈលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

គួរជម្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមានបេក្ខជនចុះឈ្មោះប្រឡងសរុបទូទាំងប្រទេសមានចំនួន១៣៧,០៤០នាក់ (ស្រី៧៤,៨៨២នាក់)។

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះដែរ លោកអភិបាលខេត្ត ប៉េង ពោធិ៍សា រួមជាមួយលោកអភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីកាត់វិញ្ញាសាប្រឡងនេះដែរក៏មានការចូលរួមអមដំណើរដោយលោកអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ។

ជាមួយនេះ លោកអភិបាលខេត្តក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។

បើតាមលោកអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា កម្លាំងដែលដាក់ការពាររៀបចំសណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងមានចំនួនជាង២០០នាក់ ទាំងកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធានាបានសុវត្ថិភាពនិងរបៀបរៀបរយនៃការប្រឡងឲ្យប្រព្រឹត្តទៅដោយរលូនផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បានឲ្យដឹងថា សម្រាប់ខេត្តស្វាយរៀងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៨ តុលា ២០២៤ មានបេក្ខជនចំនួន៤,២១៤នាក់ ស្រី២,២៦៩នាក់ មាន១៦៩បន្ទប់ ដែលក្នុងនោះថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ២,៩៦៥នាក់ ស្រី១,៤៧៧នាក់ ចែកចេញជា៦មណ្ឌលប្រឡង មាន១១៩បន្ទប់ៗ។

ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តទៅបានល្អមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បានជ្រើសរើសយកសាលាបឋមសិក្សា វិទ្យាល័យ និងសាលាគរុកោសល្យមួយចំនួនធ្វើជាមណ្ឌលប្រឡង ដែលមណ្ឌលទាំងនេះសុទ្ធតែត្រូវបានធានាសុវត្ថិភាពរបៀបរៀបរយ សណ្តាប់ធ្នាប់ក្នុងពេលប្រឡង។

ចំពោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមាន៖ មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ មណ្ឌលវិទ្យាល័យស្វាយរៀង (ត្បូង) មណ្ឌលវិទ្យាល័យស្វាយរៀង (ជើង) មណ្ឌលសាលាគរុកោសល្យ និងវិក្រឹតការខេត្ត មណ្ឌលវិទ្យាល័យ ហ៊ុន សែន ចេក និងមណ្ឌលសាលាបឋមសិក្សា ២ធ្នូ។ ចំពោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមាន២មណ្ឌល៖ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ និងមណ្ឌលសាលាបឋមសិក្សាកន្ទុយវៃ៕