(រតនគិរី)៖ ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តរតនគិរី មានសិស្សចូលប្រឡងចំនួន១,៧២២នាក់ ស្រី៨៧៥នាក់ មានមណ្ឌលប្រឡងចំនួន៣ មានបន្ទប់សរុបចំនួន១៧៦បន្ទប់ ខណៈដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពរលូន។

គួរជម្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡងថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រឡងសរុបមាន១,៧២២នាក់ (ស្រី៨៧៥នាក់) ក្នុងនោះជនជាតិដើមភាគតិច ៤៧.២១% មាន៣មណ្ឌលប្រឡង រួមមាន៖ ១-មណ្ឌលប្រឡងអនុវិទ្យាល័យប៊ូថង ទេសអន្លុង ២-មណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ និង៣-មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី។

លោកប្រធានមន្ទីរបន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ មិនខុសគ្នាពីឆ្នាំមុនៗទេ បេក្ខជន-បេក្ខនារីទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡងសំដៅធានាថាបេក្ខជនបេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។ ដោយឡែក នៅក្រៅបរិវេណមណ្ឌលប្រឡង គេឃើញមានក្រុម ស.ស.យ.ក. ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំង៣នោះថែមទៀតផង។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡងនៅព្រឹកថ្ងៃអង្គារ ទី៨នេះ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អសម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។

លោកបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ មានន័យថា អ្នកចេះ គឺជាប់៕