(ពោធិ៍សាត់)៖ លោក អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់។
បើតាមលោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ ប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី០៨ និងថ្ងៃទី០៩ ខែតុលា ក្នុងនោះមានមណ្ឌលប្រឡងចំនួន០៦មណ្ឌល ស្មើនឹង១៥២បន្ទប់ និងមានបេក្ខជនប្រឡងសរុបចំនួន ៣,៧៨១នាក់ ក្នុងនោះស្រី២,១៣៤នាក់។ មណ្ឌលប្រឡងទាំង០៦រួមមាន៖ មណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងជើង, មណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងត្បូង, មណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ខាងជើង, មណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ខាងត្បូង, មណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ និងមណ្ឌលអនុវិទ្យាល័យព្រែកស្ដី ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកប្រធានមន្ទីរបន្តថា សម្រាប់ថ្នាក់វិទ្យាសាស្ត្រមាន០២មណ្ឌល រួមមានមណ្ឌលអនុវិទ្យាល័យព្រែកស្ដី និងមណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ខាងត្បូង មានបេក្ខជនប្រឡង ចំនួន១,០៥៦នាក់ ស្រី៦៧៩នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន០៤មណ្ឌល រួមមានមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងជើង, មណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងត្បូង, មណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ខាងជើង និងមណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ មានបេក្ខជនប្រឡង ចំនួន២,៧២៥នាក់ ស្រី១,៤៥៥នាក់។
លោក អ៊ឹម កុច និងលោក ខូយ រីដា បានថ្លែងក្នុងឱកាសបើកវិញ្ញាសារថា ថ្ងៃទី០៨ និងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស បន្ទាប់ពីសិស្សានុសិស្ស បានសិក្សារៀនសូត្រ១ឆ្នាំពេញ។ ជាមួយគ្នានេះមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជន បេក្ខនារីទាំងអស់ មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ម៉ាស៊ីនគិតលេខ ទូរស័ព្ទចូលក្នុងបន្ទប់ប្រឡងបាននោះឡើយ។
ថ្នាក់ដឹកនាំទាំង២ សូមជូនពរដល់បេក្ខជនដែលប្រឡងបាក់ឌុប ឱ្យទទួលបានលទ្ធផលល្អគ្រប់គ្នា ព្រមទាំងបានលើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្ស កុំមានការភិតភ័យ ត្រូវតាំងស្មារតីឱ្យបាននឹងនរ ស្ងៀមស្ងាត់ និងខិតខំធ្វើឱ្យអស់លទ្ធភាពដែលខ្លួនចេះ កុំលួចចម្លងគ្នា និងអាងព្រុយយ៉ុងឱ្យសោះ ព្រោះថា «បើយើងចេះគឺជាប់ បើយើងមិនចេះគឺធ្លាក់»៕