(ភ្នំពេញ)៖ នៅប្រមាណជាង២០នាទីមុននេះ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញរួចហើយ ចំពោះការកាត់ទោសឱ្យលោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល ជុំវិញបទមិនចូលខ្លួនកន្លងមក។

ការដាក់ពាក្យបណ្តឹងជំទាស់នេះ បានធ្វើឡើងនៅសាលាដំបូងរាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការក្រុងភ្នំពេញ។

សូមជំរាបថា នៅសល់ចំនួន១២ថ្ងៃទៀតប៉ុណ្ណោះ សាលក្រមរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងចូលស្ថាពរ ប្រសិនបើសាម៉ីខ្លួនមិនបាន ប្តឹងឧទ្ធរណ៍, ដោយលោក កឹម សុខា នឹងត្រូវជាប់ពន្ធនាគាររយៈពេល០៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល។

អ្នកនំាពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា យោងតាមលិខិតឲ្យដំណឹងអំពី«សាលក្រមការដាក់ ពន្ធនាគារលោក កឹម សុខា» និងការជូនដំណឹងរបស់សមត្ថកិច្ចតាមច្បាប់ដែលធ្វើនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ, ដូច្នេះសាលក្រមសាលាដំបូង រាជធានីភ្នំពេញ នឹងត្រូវចូលជាស្ថាពរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ប្រសិនបើសាម៉ីខ្លួនមិនប្តឹងឧទ្ធរណ៍។

កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ក៏បានយកលិខិតឲ្យដំណឹងពីសាលក្រម អំពីការ «ផ្តន្ទាទោសដាក់ពន្ធនាគារលោក កឹម សុខា កំណត់០៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល» ទៅបិទមុខផ្ទះលោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅលិខិតឲ្យដំណឹងនេះបានឲ្យដឹងថា៖ សម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់០៥ (ប្រាំ) ខែ និងពិន័យជាប្រាក់ចំនួន៨០០.០០០ (ប្រាំបីសែន) រៀល ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៥៣៨ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សាម៉ីខ្លួន មានសិទ្ធិចូលមកប្តឹងឧទ្ធរណ៍ក្នុងរយៈពេល១ខែ គិតពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ៕

ខាងក្រោមនេះជាពាក្យបណ្តឹង៖