(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច «ក្រុម ឃ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (ArnaudDarc) សហប្រធាន «ក្រុម ឃ» មកពីខាងផ្នែកឯកជន នៅព្រឹកថ្ងៃទី៧ ខែតុលានេះ បានសហការដឹកនាំកិច្ចប្រជុំ «ក្រុម ឃ» ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជា ដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ។ 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល និងមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត សមាជិក សមាជិកានៃក្រុមកាងារ ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន តំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដោយចូលរួមកិច្ចប្រជុំផ្ទាល់ ក៏ដូចជាកិច្ចប្រជុំពីចំងាយ (ZOOM) ។

កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន ៣៖ ទី១. ការស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ទី២. ពន្ធលើការនាំចេញនៃការប្រមូលរ៉ែទង់ដែង,និង ទី៣. អត្រាការប្រាក់ចំពោះការកំណត់ពន្ធឡើងវិញ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ទាំងខាង រាជរដ្ឋាភិបាល ពិសេស អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាខាងវិស័យឯកជន ដែលកន្លងមក បានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើរបៀបវារៈទាំង ៣ខាងលើ ។

ឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន ចំពោះការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកស្ទួយសេដ្ឋកិច្ចជាកញ្ចប់ ដូចជា វិធានការសារពើពន្ធ, ការគាំពារសង្គមដើម្បីរក្សាលំនឹងជីវភាពប្រជាជន, ការបណ្តុះបណ្តាលជំនាញ, ការគ្រប់គ្រងបំណុលឯកជន, និង ការកែទម្រង់រចនាសម្ព័ន្ធជាដើម ។

ជាមួយនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងពិនិត្យលើសំណូមពររបស់វិស័យឯកជន បន្ថែមទៀតចំពោះវិធានការ ឬ កិច្ចអន្តរាគមន៍នានា ដើម្បីលើកស្ទួយសេដ្ឋកិច្ច រួមជាមួយនឹងការធានាប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន និងត្រូវរក្សាឧត្តមានុវត្តន៍ល្អក្នុងការគ្រប់គ្រងបំណុលសាធារណៈនៅកម្ពុជា ។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមការងារនៃវិស័យឯកជន ត្រូវបន្តសហការពិភាក្សា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ប្រកបដោយស្មារតីឈ្នះ-ឈ្នះ។

ចំពោះបញ្ហាពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, បន្ទាប់ពីកិច្ចពិភាក្សា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យមានការសិក្សាឲ្យបានស៊ីជម្រៅ ទាំងក្នុងកម្រិតគោលនយោបាយ ផែនការ និងទាំងបច្ចេកទេស លើគ្រប់ទិដ្ឋភាពពាក់ព័ន្ធនឹងការប្រមូលរ៉ែទង់ដែង មុននឹងដាក់ចេញនូវវិធានការជាក់លាក់ និងច្បាស់លាស់ សម្រាប់អនុវត្ត៕