(ភ្នំពេញ)៖ លោក តូ ឡឺម អគ្គលេខាគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្សវៀតណាម និងជាប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើសារថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានផ្ញើសារអបអរសាទរខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងសារលិខិតរបស់លោក តូ ឡឺម បានបញ្ជាក់ថា «ជំនួសមុខបក្ស រដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ដែលបានផ្ញើសារលិខិត និងអំណរសាទរ ដ៏ល្អប្រពៃជូនប្រជាជនវៀតណាម និងរូបខ្ញុំផ្ទាល់ក្នុងឱកាសខួបលើកទី៧៩នៃទិវាបុណ្យ ឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)»

សារលិខិតដដែល លោក តូ ឡឺម បានជូនពរដោយស្មោះស្មគ្រដល់ប្រជាជនកម្ពុជាជាបងប្អូនឲ្យបន្តទទួលបាននូវសមិទ្ធផលដ៏ធំធេង និងលើគ្រប់វិស័យបន្ថែមទៀត ដើម្បីបន្តកសាងទឹកដីកម្ពុជា ប្រកបដោយស្ថិរភាព អភិវឌ្ឍន៍រុងរឿង និងមានកិត្យានុភាពកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ។

អគ្គលេខាគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្សវៀតណាម បង្ហាញក្ដីជឿជាក់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងពង្រីកយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃដោយចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃសហគមន៍អាស៊ាន សម្រាប់ជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

លោកប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានជូនពរសម្តេចតេជោប្រមុខរដ្ឋស្តីទីសូមប្រកបដោយសុខភាពល្អបរិបូរណ៍សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕