(ភ្នំពេញ)៖ អ្នកស្រី ហែម ស៊ីណាត វ័យ៥៨ឆ្នាំ ដែលជាបេក្ខភាពប្រឡងបាក់ឌុបចាស់ជាងគេ នៅតែបន្តក្តីស្រមៃ មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទោះបីជាអ្នកស្រីបានទទួលបរាជ័យ២ដងរួចហើយ។
រយៈពេល១ឆ្នាំបានកន្លងទៅនេះ អ្នកស្រីបានរៀនសូត្របានច្រើន រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ដោយថ្ងៃរៀនធ្វើលំហាត់កិច្ចការផ្ទះ និងពេលយប់រៀនតាមអនឡាញ ដើម្បីពង្រឹងលើមុខវិជ្ជាដែលជួបឧបសគ្គ និងធ្វើទៅមិនបានល្អនោះ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
ដោយសារតែមានក្តីស្រមៃចង់បានសញ្ញាបត្រធ្វើជាគ្រូបង្រៀន អ្នកស្រីហែម ស៊ីណាត ដែលមានវ័យ ៥៨ ឆ្នាំ គឺជាបេក្ខជនដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមបេក្ខជនជាង១៣ ម៉ឺននាក់ ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង សម័យប្រឡង ០៨ តុលា ២០២៤។
មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្ននេះ អ្នកស្រី ហែម ស៊ីណាត មានមុខរបរជាគ្រូបង្រៀនអក្ខរកម្មអប់រំក្រៅប្រព័ន្ធ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាគ្រូជាប់កិច្ចសន្យារបស់ក្រសួងអប់រំ យុវជន និងកីឡា។ អ្នកស្រីបានបង្រៀនអក្ខរកម្មមនុស្សចាស់នៅក្នុងភូមិថ្មរមៀលខាងកើត ខេត្តបន្ទាយមានជ័យ។
គួរជម្រាបផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»៕