(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មេឃមានសភាពអាប់អួរ កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗបង្គួរ ពពកខ្មៅច្រើនកន្លែង និងរលកទឹកសមុទ្រយោលយោគ នៅតាមចន្លោះឃ្លងមធ្យម។ ឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយោលស្ងប់មធ្យម។
លោកស្នងការបានបញ្ជាក់ថា «អាកាសធាតុបែបនេះ ប្រជាពលរដ្ឋ ប្រជានសាទ និងភ្ញៀវទេសចរទាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាណាមួយកើតឡើង»។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា «គិតត្រឹមម៉ោង ០៨៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ ពពកខ្មៅច្រើនកន្លែង តែមានបើកថ្ងៃ។ កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗ បង្គួរនិងទឹក រលកយោលស្ងប់មធ្យម នៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយោលមធ្យម ហើយអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់»។
លោកបន្ថែមថា នៅពេលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ដតាមបណ្ដាលឆ្នេរ និងឆ្លងទៅកម្សាន្ដតាមបណ្ដាលកោះនានា សូមបំពាក់ពោងទាំងអស់គ្នាផងហើយ ត្រូវទំនាក់ទំនង និងសហការណ៍ជាមួយសមត្ថកិច្ចដែលនៅជិតៗលោកអ្នក នោះដើម្បីទទួលព័ត៌មានផ្សេងៗ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមអរគុណទុកជាមុន។ សូមមកកម្សាន្ដឆ្នេរដ៏ស្រស់ស្អាត នៅខេត្តព្រះសីហនុ ឲ្យបានគ្រប់ៗគ្នា និងប្រកបដោយសុវត្ថិភាព៕