(កំពង់ធំ)៖ ដើម្បីឲ្យដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបទៅដោយភាពរលូន និងមានលក្ខណៈល្អប្រសើរនោះ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗ ដោយត្រៀមទុកមុនជាស្រេច សំដៅធ្វើយ៉ាងណារៀបចំឱ្យបានមានរបៀបរៀបរយ ខណៈពេលវេលាថ្ងៃប្រឡងរបស់បេក្ខជនកាន់តែខិតចូលមកដល់។

លោក នួន ផារ័ត្ន បានឱ្យដឹងថា ការចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡង បានផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់បម្រុងទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បីធានាបានថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨-០៩ តុលា ២០២៤ ក្នុងក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកសន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយរលូន។

លោកបន្ថែមទៀតថាសម្រាប់ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃជូនសិស្សានុសិស្សដែលក្រីក្រ ខ្វះលទ្ធភាពជួលកន្លែងស្នាក់នៅក្នុងរយៈ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងរៀបចំកន្លែងទទួលផ្ញើកង់ ម៉ូតូ ដោយមិនបង់ប្រាក់ថែមទៀតផង។

ទន្ទឹមនឹងនោះដែរ លោកបានចុះពិនិត្យកន្លែងស្នាក់នៅរបស់ក្មួយៗសិស្សានុសិស្សដែលមកពីបណ្ដាក្រុងស្រុក ដែលអាជ្ញាធរខេត្តបានរៀបចំ ព្រមទាំងអំពាវនាវដល់ក្មួយៗសិស្សានុសិស្ស រក្សាអនាម័យ ថែរក្សាសុខភាពឱ្យបានល្អ ទើបការប្រឡងទទួលបានជោគជ័យ។

លោកបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួចហើយ មិនឲ្យដំឡើងថ្លៃសេវាស្នាក់នៅ ឬសេវាហូបចុកជាដើម និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ និងការផ្អាកដំណើរការអាជីវកម្ម ម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សូមបញ្ជាក់ថា ខេត្តកំពង់ធំចំនួនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន ៥,៦៥៨នាក់ ស្រី ៣២៧៤នាក់ ចែកចេញជា០២ក្រុម រួមមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ក្នុងនោះមានមណ្ឌលប្រឡងចំនួន ១៣មណ្ឌល៕