(ឧត្តរមានជ័យ)៖ ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ បានប្រើប្រាស់អំពើហិង្សាវាយតប់គ្នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ថា ក្រុមក្មេងទំនើងទាំងនេះ ត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ បង្កជម្លោះវាយតប់គ្នានៅទីតាំង២ផ្សេងគ្នា ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ ក្នុងឱកាសជួបជុំសប្បាយនៃពិធីភ្ជុំបិណ្ឌ។

លោកថា ករណីទី១កើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចលូបង្ហៀត្រពាំងវែង ក្នុងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង បង្កដោយក្មេងទំនើង២ក្រុម ដោយភាគីម្ខាងនៅភូមិកណ្តែកមានគ្នា៣នាក់ និងភាគីម្ខាងទៀតនៅភូមិត្រពាំងវែងមានគ្នា៦នាក់។

ចំណែកករណីទី២ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ចំណុចទឹកធ្លាក់អូរទឹកចោល បង្ករឡើងដោយភាគីម្ខាងមានគ្នា៣នាក់ បានវាយតប់គ្នាជាមួយភាគីម្ខាងទៀតមានតែម្នាក់ឯង។ ករណីនេះសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤៕