(រតនគិរី-ស្ទឹងត្រែង)៖ លោកស្រី សឿង ស៉ីថា អាយុ៦១ឆ្នាំ និងស្វាមី បានអះអាងថា ពួកគាត់មិនជឿតាមការញុះញង់របស់ក្រុមប្រឆាំងដែលបានបំផ្លោងព័ត៌មានមិនពិតដែលថា បង្គោលព្រំដែនចេះដើរនោះទេ នៅពេលបានមកឃើញផ្ទាល់នឹងភ្នែកជាក់ស្តែង។

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

ថ្លែងក្នុងទឹកមុខញញឹមមាំ លោកស្រី សឿង ស៉ីថា និងស្វាមី បានលើកឡើងរួមគ្នាថា៖ «បានមកឃើញផ្ទាល់ (បង្គោលព្រំដែន)​ មានអារម្មណ៍សប្បាយចិត្ត មិនដូចអ្វីដែលគេនិយាយបំផុសបំផុលផង លែងស្រពិច ស្រពិលហើយ ឃើញជាក់ច្បាស់តែម្តង […] ពួកអគតិខាងក្រៅចេះតែនិយាយ បំផ្លោងពាក្យមិនពិត អីឡូវយើងប្រជាជនមកឃើញជាក់ច្បាស់ហើយជឿជាក់លើរាជរដ្ឋាភិបាល»

លោកស្រី បានលើកឡើងថា បើទោះបីដឹងថា ទីតាំងបង្គោលព្រំដែន មានចម្ងាយឆ្ងាយក៏ត្រូវតែមកមើលឱ្យច្បាស់លាស់នឹងភ្នែកដែរ ពេលឃើញតំបន់ព្រំដែនបានឃើញថាទីតាំងព្រំដែនមានការអភិវឌ្ឍ មានដំណាំចម្រុះដែលប្រជាពលរដ្ឋខ្មែរបានដាំដុះ។ ព្រមទាំងឆ្លៀតថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបចំដំណើរទស្សនកិច្ចដល់ប្រជាពលរដ្ឋបានមកឃើញបង្គោលព្រំដែនផ្ទាល់ភ្នែក មិនមានការលាក់បាំង ដូចការផ្សព្វផ្សាយនូវព័ត៌មានមិនពិតពីសំណាក់បុគ្គលមួយចំនួន។

លោកស្រី សឿង ស៉ីថា និងស្វាមី បានផ្ញើសារដល់បងប្អូនប្រជាពលរដ្ឋ ដែលជឿតាមការញុះញង់របស់ក្រុមជនអគតិឱ្យវិលមករួបរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា និងអញ្ជើញមកមើលបង្គោលព្រំដែនឱ្យជាក់ច្បាស់នឹងភ្នែកទាំងអស់គ្នា ទើបបានដឹងរឿងពិតជាក់ស្តែង។

ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

សូមស្តាប់ការលើកឡើងដូចខាងក្រោម៖