(រតនគិរី-ស្ទឹងត្រែង)៖ តាមរយៈការរៀបចំដំណើរទស្សនកិច្ចទិសឦសានរបស់រាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា បានឆក់យកបេះដូងរបស់មាន ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិត និងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រង និងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះ។

ក្រោយបានចុះមកពិនិត្យ និងមើលឃើញពីស្ថានភាពព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង, លោក សោម រិទ្ធីគុណ មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានឱ្យដឹងថា លោកចូលរួមធ្វើដំណើរទស្សនកិច្ចព្រំដែន ដោយបាននាំក្រុមគ្រួសារទាំងឪពុក ម្តាយ បង្កើត ឪពុកក្មេក ម្តាយក្មេក និងកូនតូចៗសរុប១៩រូប ដើម្បីឱ្យក្រុមគ្រួសារបានដឹង និងស្គាល់ច្បាស់ពីព្រំដែនផ្ទាល់នឹងភ្នែកតែម្តង។

លោក សោម ឬទ្ធីគុណ បានលើកឡើងយ៉ាងដូច្នេះថា៖ «ពេលមកដល់ឃើញព្រំដែនយើងនៅធម្មតា អត់ដូចជនអគតិមួយចំនួនថាព្រំដែនរំកិលចូល ១ថ្ងៃ ១គីឡូម៉ែត្រអត់ទេ ហើយព្រំដែនអភិវឌ្ឍន៍ស្អាត ទាំងផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ មានគ្រប់កន្លែងនៅតាមព្រំដែន។ ខ្ញុំយល់ឃើញថាថ្នាក់ដឹកនាំលោកពិតជាស្រឡាញ់ជាតិ យកចិត្តទុកដាក់ណាស់ចំពោះប្រជាជន ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំរៀបចំដំណើរទស្សនកិច្ចប្រជាពលរដ្ឋឱ្យស្គាល់ព្រំដែន ជាក់ស្តែងកូនខ្ញុំនេះតូចណាស់ (អាយុ៦ខែ) ក៏បានមកដែរ»

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ និងកោតសសើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានរៀបចំដំណើរទស្សនកិច្ចនេះបានយ៉ាងល្អទាំងការរៀបចំរថយន្តធ្វើដំណើរ ការហូបចូក ការស្នាក់នៅ បានយ៉ាងល្អ។

ដោយឡែកសម្រាប់កុមារី សោម គុណរ៉ានីតា បានបង្ហាញក្តីសប្បាយរីក រាយដែលបានលេងកម្សាន្តនៅតាមបង្គោលព្រំដែន ជាពិសេសបានមើលឃើញបង្គោលព្រំដែនលេខ៣០ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម និងបង្គោលព្រំដែនលេខ៣៤ ក្នុងខេត្តស្ទឹងត្រែង ជាមួយប្រទេសឡាវ។

កុមារី សោម គុណរ៉ានីតា ក៏បានថ្លែងអំណរគុណសម្តេចអ៊ុំ ហ៊ុន ម៉ាណែត ដែលបានរៀបចំដំណើរទស្សនកិច្ចទិសឦសាននេះដល់ប្រជាពលរដ្ឋ និងជូនពរសម្តេចអ៊ុំ ឱ្យមានសុខភាពល្អ អាយុវែង ដើម្បីបន្តដឹកនាំប្រទេសជាតិកម្ពុជា ឱ្យមានការរីកចម្រើនបន្តទៀត៕

សូមស្តាប់ការលើកឡើងរបស់លោកលោក រិទ្ធីគុណ និងកុមារី សោម គុណារីតា ដូចខាងក្រោម៖