(ភ្នំពេញ)៖ លោកជំទាវ ទ្រី សុខា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ពិធីការ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងគ្រួសារ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមវត្តមានឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ត្រូវជាកូនប្រសាររបស់លោកជំទាវ ទ្រី សុខា និងមានការអញ្ជើញចូលរួមផ្ទាល់ពីនាយកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត សន់ ទី និងលោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស។

នាយកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត សន់ ទី និងលោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស បានថ្លែងអំណរគុណដល់ទឹកចិត្ដសប្បុរសរបស់លោកជំទាវ ទ្រី សុខា និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យ ក្នុងការជួយសង្គ្រោះកុមារ និងគាំទ្រដល់ដំណើរការរបស់គ្រូពេទ្យ។

លោកបានបន្តថា «យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមលោកជំទាវនិងក្រុមគ្រួសារទាំងមូលជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ»

ទន្ទឹមនឹងនោះមន្ទីរពេទ្យ សូមអរគុណ និងស្វាគមន៍គ្រប់ការចូលរួមបរិច្ចាគជាថវិកា សប្បុរសគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា៕