(ក្រចេះ)៖ បេក្ខជនដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តក្រចេះ ឆ្នាំ២០២៤នេះ មាន ២៤០៥នាក់ បេក្ខជនស្រី ១៣៤៣នាក់ ក្នុងចំណោមនោះបេក្ខជន ស្វ័យរិន ៣៥៨នាក់ ស្រី ១៦៨នាក់ ត្រូវចូលរួមប្រឡង ក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ដែលនឹងដំណើរការប្រឡង នៅព្រឹកថ្ងៃស្អែកនេះ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ លោក ឡាយ បូរ៉ា បានឲ្យដឹងថា នៅទូទាំងខេត្តក្រចេះ មានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាសាស្ត្រមាន ចំនួន ២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម មានចំនួន ៣ ស្មើនឹង ៩៧បន្ទប់។ រីឯគណៈមេប្រយោគ មានចំនួនសរុប ៣២៤នាក់ ក្នុងនោះស្រី ១២៥នាក់។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងទៀតថា បេក្ខជនដែលចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំ២០២៣ មានបេក្ខជនសរុប ២៣៤៤នាក់ ឃើញថា មានការកើនឡើង ៦១នាក់។

ដោយឡែក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តក្រចេះ បាននាំគ្នាមកពិនិត្យបញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់ នៅតាមមណ្ឌលប្រឡងនីមួយៗ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងនៅថ្ងៃស្អែកនេះ។

ក្នុងសកម្មភាពពិនិត្យបញ្ជីឈ្មោះនោះដែរ បេក្ខជនបានអះអាងថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបំពេញវិញ្ញាសារប្រឡងនៅថ្ងៃស្អែក និងហើយក៏សង្ឃឹមថា ការប្រឡងដែលមានរយៈពេល ២ថ្ងៃនេះ ពួកគេនឹងទទួលបានលទ្ធផលល្អ យកជោគជ័យលើការប្រឡងនេះ ជាក់ជាពុំខានឡើយ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែតុលានេះ បានចេញសេចក្តីណែនាំ អំពីវិធានការសុខភាព និងសុវត្ថិភាព ក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤នេះ ដើម្បីចូលរួមលើកកម្ពស់ ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់ គណៈមេប្រយោគ គណៈកម្មការនានា និង បេក្ខជន អំឡុងពេលនៃដំណើរការសំណេរនៃការប្រឡង៕