(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប ក្រោមវត្តមានលោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចនេះ។ ខេត្តសៀមរាប នៅមានវិស័យជាច្រើនទៀត ដែលមានសក្តានុពលដែលយើងត្រូវបង្ហាញឲ្យគេបានដឹង បានឃើញ និងប្រើឲ្យអស់លទ្ធភាព។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បន្តថា ក្រៅពីប្រាសាទបុរាណ យើងមានបឹងទន្លេសាប ដែលគេរំពឹងថានឹងក្លាយជាផ្លូវដឹកជញ្ជូនកសិផលដ៏សំខាន់មួយភ្ជាប់ខេត្តជុំវិញបឹងទន្លេសាបទៅកាន់ទន្លេបាសាក់ និងទៅកាន់ព្រែកជីកហ្វូណន់តេជោ។ ដោយឡែក ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ក៏ជាច្រកនាំចេញដ៏ធំមួយ។

លោកបណ្ឌិតសភាចារ្យ បានបន្តថា ច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ជាច្រកនាំចេញសំខាន់មួយ ជាពិសេស លើផលិតផលគ្រឿងអេឡិកត្រូនិក។ ដូច្នេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលប្រមូលផ្តុំដោយរោងចក្រផលិតគ្រឿងអេឡិកត្រូនិក នៅជិតអាកាសយានដ្ឋាននេះ ក៏ជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បន្ថែមថា ក្រៅពីវិស័យខាងលើនេះ ខេត្តសៀមរាបនៅមានវិស័យដែលជាសក្តានុពលដ៏ច្រើនផ្សេងទៀត ហើយវិស័យទាំងនោះ ក៏បានចងក្រងបញ្ចូលទៅក្នុងសៀវភៅ «មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប»

លោកបណ្ឌិតសភាចារ្យ រំពឹងថា សៀវភៅនេះ ជាចំណែកមួយនៅក្នុងការបង្ហាញសក្តានុពលរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោក។ ព្រោះក្រៅពីការបែងចែកនៅក្នុងស្រុក សៀវភៅនេះ ក៏នឹងត្រូវបញ្ជូនទៅកាន់គ្រប់បណ្តាស្ថានឯកអគ្គរាជទូតរបស់កម្ពុជានៅក្រៅប្រទេសផងដែរ។

សូមជម្រាបថា សៀវភៅ «មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប» បានបោះពុម្ពជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។

លោក សុខ ថុល បានលើកឡើងថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក៏ដូចជា ក្រោមកិច្ចដឹកនាំបន្តរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ បានប្រែក្លាយខេត្តសៀមរាប ជាខេត្តមួយដ៏មានសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេស ក្នុងការចូលរួមលើកស្ទួយ ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសឧត្តរ»

លោកបន្តថា ជាក់ស្តែងក្រុងសៀមរាប នៃខេត្តសៀមរាបត្រូវបានកែប្រែមុខមាត់ថ្មី ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកកម្សាន្ត។ តាមរយៈគម្រោងស្ថាបនា និងកែលម្អផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលនៅក្នុងគម្រោងនេះ គឺបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាប ឲ្យមានសោភ័ណ្ឌភាពប្រកបដោយភាពទាក់ទាញ រួមជាមួយនូវការកែលម្អនូវដងស្ទឹងសៀមរាប និងការរៀបចំនូវទីធ្លាសាធារណៈនានា ក្នុងក្រុងឲ្យមានភាពបៃតងគួរឲ្យគយគន់។

លោកបានបន្តថា ក្រៅពីសមិទ្ធិផលដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា នៃគម្រោងផ្លូវ ៣៨ខ្សែនេះ ខេត្តសៀមរាប ក៏ទើបតែបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជិតមួយឆ្នាំមកនេះអាកាសយានដ្ឋានថ្មីនេះ គឺជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសថ្មីមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺមានសមត្ថភាពអាចទទួលអ្នកដំណើររហូតដល់៧លាននាក់ ឬច្រើនជាងនេះ ក្នុងមួយឆ្នាំ ហើយដែលមានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងជាអាកាសយានដ្ឋានប្រភេទ ៤E។

លោក សុខ ថុល បានបញ្ជាក់ថា នាពេលដ៏ឆាប់ៗខាងមុខនេះ ខេត្តសៀមរាបនឹងទទួលបាននូវសមិទ្ធិផលដ៏ធំមួយបន្ថែមទៀត ដែលបម្រើឲ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តនៅខេត្តសៀមរាប នោះគឺផ្លូវល្បឿនលឿនទី៣ ដែលអាចតភ្ជាប់ខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ, ទៅទីក្រុងហូជីម៉ិញនៃប្រទេសវៀតណាម និងទៅទីក្រុងបាងកកនៃប្រទេសថៃ ផ្លូវល្បឿនលឿនថ្មីនេះនឹងរួមចំណែកផ្តល់ឱកាសដ៏ធំមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋខេត្តសៀមរាប ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕