(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យជួបបញ្ហាទឹកលិច ដោយសារទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ។
ការចុះពិនិត្យនេះ អមដំណើរដោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ដោយមានការចូលរួមសម្របសម្រួលអន្តរាគមន៍ពីលោក កើត ឆែ អភិបាលស្តីទីអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌ-សង្កាត់នីមួយៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅតាមមណ្ឌលប្រឡង ដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមានវិទ្យាល័យ៖
* វិទ្យាល័យហ៊ុនសែនជម្ពូវ័ន៖ បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន ១០០%។
* វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី៖ បានដោះស្រាយចាក់ខ្សាច់ ភ្ជាប់ពីអគារមួយទៅអគារមួយ និងក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%។
* សាលាបឋមសិក្សាភ្នំពេញថ្មី៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច ១០០%។
* វិទ្យាល័យឫស្សីកែវ៖ ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ ពីរដ្ឋបាលខណ្ឌឫស្សីកែវ បានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរ ក្នុងថ្ងៃប្រឡង។
ជាលទ្ធផលទោះបីជាមណ្ឌលខាងលើ បានរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ក្រោមការយកចិត្តទុកដាក់ ចាត់ចែងដោះស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គណៈកម្មការរៀបចំ ការប្រឡងអាចគ្រប់គ្រងស្ថានការណ៍ និងដំណើរការការប្រឡង ប្រកបដោយភាពប្រក្រតីនាថ្ងៃស្អែកនេះ។
លោកកាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះថា «ចំពោះមណ្ឌល ដែលរងផលប៉ះពាល់ ដោយទឹកភ្លៀងទាំង៤មណ្ឌល (នៅភ្នំពេញ) អត់មានការដោះដូរនោះទេ គឺបានដោះស្រាយ ក្នុងការគាំទ្រពីអាជ្ញាធរ ក៏ដូចជាសាលារាជធានី និងអាជ្ញាធរខណ្ឌ និងសាលាសាមីផ្ទាល់ ព្រមទាំងអ្នកពាក់ព័ន្ធ បានដោះស្រាយរួចហើយ នឹងអាចបន្ដដំណើរប្រឡងបាន ដោយមិនមានការដោះដូរ ហើយចំពោះខេត្ដផ្សេងៗ អត់មានប៉ះពាល់នោះទេ»៕
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕