(រតនគិរី-ស្ទឹងត្រែង)៖ លោកតា លី វេង អាយុ៨៧ឆ្នាំ រស់នៅខេត្តកំពង់ចាម បានបង្ហាញក្តីសប្បាយរីករាយ នៅពេលដែលរាជរដ្ឋាភិបាល បានរៀបចំដំណើរទស្សនកិច្ចប្រជាពលរដ្ឋឱ្យមកលេងកម្សាន្តនៅតាមបន្ទាត់ព្រំដែន ដោយលើឡើងថា នៅក្នុងមួយជីវិតបានមកឃើញព្រំដែនតែម្តង ឃើញថាបង្គោលព្រំដែនបោះបានត្រឹមត្រូវ សូមបងប្អូនប្រជាពលរដ្ឋ កុំព្រួយរឿងបាត់ទឹកដីឱ្យសោះ ហើយនឹងប្តេជ្ញានាំសារជូនពលរដ្ឋផ្សេងទៀតឱ្យដឹងរឿងពិត ពីស្ថានភាពព្រំដែន។
ជួបសម្ភាសដោយផ្ទាល់ជាមួយក្រុមការងារព័ត៌មាន Fresh News នៅក្នុងឱកាសចុះទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនសឦសាន លើតម្រាយផ្លូវខេត្តរតនគិរី និងខេត្តស្ទឹងត្រែង, លោកតា លី វេង បានបញ្ជាក់ថា បើរាជរដ្ឋាភិបាលកាត់ទឹកដីឱ្យបរទេសមែន ច្បាស់ណាស់នឹងមិនរៀបចំដំណើរទស្សនកិច្ចឱ្យប្រជាពលរដ្ឋបានមកឃើញបង្គោលព្រំដែនដោយផ្ទាល់ភ្នែកនោះទេ។ «បើយើងជឿតាមតែគេថា វាមិនច្បាស់នោះទេ ពេលខ្ញុំមកមើលផ្ទាល់ហើយ ឃើញថាត្រឹមត្រូវហើយ ខ្ញុំនឹងទៅផ្សព្វផ្សាយដោយផ្ទាល់ថារាជរដ្ឋាភិបាលធ្វើហ្នឹងត្រឹមត្រូវហើយ»។ លោកថា លី វេង លើកឡើងបន្ថែមថា។
លោកតា លី វេង បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបានអរដែលបានរដ្ឋាភិបាលនាំមកមើលព្រំដែន ឃើញថាបោះបានត្រឹមត្រូវ គេក៏ទទួលខាងយើង យើងក៏ទទួលស្គាល់ខាងគេ អត់ព្រួយបារម្ភទេរឿងបាត់ដីយើងទេ ព្រោះឃើញផ្ទាល់ភ្នែកហើយ ខ្ញុំទើបមកលើកនេះទេ ក្នុងមួយឆាកជីវិតទើបមកបានតែម្តងហ្នឹងទេ មិនដឹងថ្ងៃណាបានមកទៀតទេ ខ្ញុំចង់ដឹង ចង់ស្គាល់ ខ្ញុំប្រាថ្នាយូរហើយ (មកព្រំដែន) តែគ្មានឱកាស អីឡូវបានរដ្ឋាភិបាលជូនមកខ្ញុំអរណាស់»។
លោកតាដែលមានព្រះជន្មាយុ ៨៧ឆ្នាំរូបនេះ ក៏បានប្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត។
គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។
ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕
សូមស្តាប់ការលើកឡើងរបស់លោកតា លី វេង ដូចខាងក្រោម៖